អន្តរជាតិ

រុស្ស៊ី​ច្រានចោល​ការ​អះអាង​របស់​អាមេរិកដែលថា ​ប្រទេសខ្លួនបាន​ប្រើ​អាវុធ​គីមី​នៅអ៊ុយក្រែន ហើយថា​វាជាការលើកឡើងគ្មាន​មូលដ្ឋាន

BY
autoadmin
April 13, 2022

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានហៅការអះអាងរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការចោទប្រកាន់មួយដែលថា «រុស្ស៊ីបានប្រើប្រាស់អាវុធគីមី» ថាជាការលើកឡើងគ្មានមូលដ្ឋាន ហើយបានជំរុញឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី កំពុងបំពេញភារកិច្ចរបស់ពួកគេដោយជោគជ័យនៅលើទឹកដីអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ពួកគេមិនមាន និងមិនអាចបន្សល់ដានអាវុធគីមីណាមួយ នៅកន្លែងដែលពួកគេបានចូលទៅដល់នោះទេ ព្រោះប្រទេសរបស់យើងបានលុបបំបាត់ឃ្លាំងអាវុធគីមីទាំងអស់កាលពីឆ្នាំ ២០១៧»។

ការឆ្លើយតបនេះបានធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា រុស្ស៊ីនៅតែអាចប្រើប្រាស់អាវុធគីមី នៅក្នុងយុទ្ធនាការរយៈពេលជាច្រើនសប្តាហ៍របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Price បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា៖«យើងមានការព្រួយបារម្ភ ដូចដែលយើងបាននិយាយពីមុនមកថា រុស្ស៊ីអាចស្វែងរកការងាកទៅរកអាវុធគីមី»។ យ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីបាននិយាយថា សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក គឺជាការបង្ករឿង ដោយគ្មានភស្តុតាង៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN Live

Share This Post: