អន្តរជាតិ

រុស្សីបាន​និយាយ​ថា ​ទាហានម៉ារីនរបស់អ៊ុយក្រែនជា​ច្រើន​នាក់ នៅ​ឯកំពង់ផែ Mariupol បានយល់ព្រមទម្លាក់អាវុធសុំចុះចាញ់

BY
autoadmin
April 14, 2022

រុស្ស៊ីបាននិយាយថា ទាហានម៉ារីនរបស់អ៊ុយក្រែនជាង ១,០០០ នាក់ បានទម្លាក់អាវុធ និងយល់ព្រមចុះចាញ់ នៅឯកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែភាគីអ៊ុយក្រែនបានបដិសេធរឿងនេះ។ អភិបាលរងក្រុងលោក Serhiy Orlov បានប្រាប់ BBC ថា ទាហានអ៊ុយក្រែននៅទីនោះនៅតែបន្ដប្រយុទ្ធ ហើយការប្រយុទ្ធគ្នា នៅតែបន្តនៅជុំវិញរោងចក្រដែក Azovstal ដែលជាតំបន់ ១ ក្នុងចំណោមតំបន់ ២ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ទូរទស្សន៍​រុស្ស៊ី​ក៏បាន​ចាក់​ផ្សាយ​វីដេអូ​ដែល​និយាយ​ថា ទាហាន​ម៉ារីន​បាន​ទម្លាក់អាវុធរបស់​ខ្លួន​ ប៉ុន្តែ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ទទូច​ថា តាម​ពិត​ទាហានម៉ារីន​ទាំងនោះដាច់ទំនាក់ទំនងពីកងវរសេនាតូច Azov នៅឯទីតាំងផ្សេងទៀត។

ជម្រាបដែរថា Mariupol គឺជាកំពង់ផែដ៏សំខាន់ និងជាគោលដៅសំខាន់សម្រាប់ប្រទេសរុស្ស៊ី ខណៈដែលខ្លួនស្វែងរកការបង្កើតផ្លូវគោកទៅកាន់ឧបទ្វីប Crimea ដែលរុស្ស៊ីបានដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់ខ្លួនក្នុងឆ្នាំ២០១៤។ ទីក្រុង​នេះ​ជា​ចំណុច​សំខាន់​នៃ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ដោយ​កង​កម្លាំង​រុស្ស៊ី ហើយ​ទាហាន​អ៊ុយក្រែន​នៅ​ទីនោះ​បាន​និយាយ​ថា ​ពួកគេ​កំពុងអស់​គ្រាប់​ដើម្បីទប់ទល់ការវាយប្រហារ។ កាលពីព្រឹកថ្ងៃពុធ អ្នកកាសែត រ៉យទ័រ បានឃើញអណ្តាតភ្លើងឆាបឆេះចេញពីរោងចក្រដែក Azovstal ដែលជាកន្លែងដែលទាហានម៉ារីនមកពីកងពលតូចទី៣៦ ត្រូវបានបង្ខាំងអស់រយៈពេលជាច្រើនសប្តាហ៍៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: