អន្តរជាតិ

សង្គ្រាមនៅអ៊ុយក្រែន ធ្វើឱ្យប្រទេសហ្វាំងឡង់ពន្លឿនការសម្រេចចិត្តចូលជាសមាជិកណាតូ នៅប៉ុន្មានសប្តាហ៍ខាងមុខទៀត

BY
autoadmin
April 14, 2022

នាយក​រដ្ឋមន្ត្រី​ហ្វាំងឡង់ Sanna Marin បាននិយាយ​ថា ប្រទេស​របស់​លោកស្រីនឹង​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​ដាក់​ពាក្យ​ចូលរួម​ជាមួយអង្គការ​ណាតូ ឬយ៉ាងណា នៅក្នុង​ប៉ុន្មាន​សប្តាហ៍ទៀត។ លោកស្រីបាននិយាយថា លោកស្រីមិនឃើញហេតុផលណាមួយ ដើម្បីពន្យារពេលការសម្រេចចិត្តនេះទេ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត។ ការអត្ថាធិប្បាយរបស់លោកស្រី ស្របគ្នានឹងរបាយការណ៍មួយទៅកាន់សភាហ្វាំងឡង់ ដែលនិយាយថា សមាជិកភាពនៃប្លុកនេះអាចបណ្តាលឱ្យមានភាពតានតឹងកើនឡើង នៅតាមព្រំដែនរវាងហ្វាំងឡង់ និងរុស្ស៊ី។

ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានព្រមានហ្វាំងឡង់ និងស៊ុយអែត ប្រឆាំងនឹងការចូលរួមជាមួយអង្គការណាតូ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ គួរឱ្យដឹងដែរថា ហ្វាំងឡង់ និងស៊ុយអែត មានលក្ខណៈយោធាមិនចូលបក្សសម្ព័ន្ធ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការបង្កើនការគាំទ្រជាសាធារណៈ ដើម្បីក្លាយជាសមាជិកនៃសម្ព័ន្ធភាពការពារលោកខាងលិចណាតូ។ មេដឹកនាំស៊ុយអែតលោកស្រី Magdalena Andersson បានប្រាប់អ្នកយកព័ត៌មានថា «ការវិភាគដ៏សំខាន់» ដូចគ្នាកំពុងកើតមានឡើង ដូចជានៅប្រទេសហ្វាំងឡង់ដែរ ហើយលោកស្រីក៏មិនឃើញចំណុចណាមួយក្នុងការពន្យារពេលវាឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: