គ្រួសារសពជនរងគ្រោះធ្លាក់យន្តហោះ Lion Air បានធ្វើការប្តឹងក្រុមហ៊ុនផលិតយន្តហោះ Boeing ដោយសារកង្វះការណែនាំ
គ្រួសារសពអ្នកដំណើរ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ Lion Air របស់ប្រទេសឥណ្ឌូណេស៊ីបានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតយន្ដហោះបូអ៊ីង ដោយលើកឡើងពីការខ្វះការណែនាំនៅក្នុងសៀវភៅដៃហោះហើររបស់ខ្លួនលើការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងយន្តហោះថ្មីនេះ។ ពាក្យបណ្តឹងនេះត្រូវបានបញ្ជូនទៅតុលាការ Circuit Court Cook County ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិកនៅថ្ងៃទី ១៤ ខែវិច្ឆិកា។ គួរឱ្យដឹងផងដែរថាយន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Lion Air JT 610 បានធ្លាក់បន្ទាប់ពីមានការហោះហើរបានត្រឹម ១៣នាទីបន្ទាប់ពីចេញពីព្រលានយន្តហោះ Soekarno-Hatta នៅថ្ងៃទី២៩ ខែតុលាដោយសម្លាប់មនុស្ស ១៨៩នាក់។
ប្រព័ន្ធបញ្ជាហោះហើរថ្មីដែលគេជឿថាជាមូលហេតុក្នុងការធ្លាក់យន្តហោះ Boeing 737 Max 8 នេះត្រូវបានគេធ្វើឡើងដើម្បីជួយដល់អាកាសយានិកក្នុងការដោះស្រាយបញ្ហាអវិជ្ជមាននៃចរន្តខ្យល់នៅលើមេឃដែលអាចធ្វើឱ្យមានបញ្ហាដល់ការហោះហើរ។ តែយ៉ាងណាមិញប្រព័ន្ធនេះនឹងរុញច្រានក្បាលរបស់យន្ដហោះចុះមកក្រោមដើម្បីទទួលបានការគ្រប់គ្រងឡើងវិញដែលវាជាការឆ្លើយតបដោយស្វ័យប្រវត្តិចំពោះភាពមិនធម្មតានេះ។ ហើយភាពមិនប្រក្រតីទាំងនេះត្រូវបានគេចោទថាជាកំហុស (glitch) នៅក្នុងការស្ទង់មើលខ្យល់អាកាសនៃរង្វង់ Angle of Attack (AOA) ដែលធ្វើឱ្យក្បាលយន្តហោះធ្លាក់ច្រានចុះក្រោមនិងមិនអាចគ្រប់គ្រងដោយអាកាសយានិកបានឡើយ។

អត្ថបទ៖ លីដា
ប្រភព៖ សុីនហួរ