អន្តរជាតិ

ប្រទេសចិនហាមឃាត់រយៈពេល ៣ថ្ងៃ លើការនាំចូលផ្លែឈើពីប្រទេសថៃ ក្រោយរកឃើញដាននៃជំងឺកូវីដ១៩ នៅលើកញ្ចប់ និងលើរថយន្តដឹកផ្លែឈើរបស់ថៃ

BY
autoadmin
April 15, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសចិនបានហាមឃាត់រយៈពេល ៣ថ្ងៃ សម្រាប់ការនាំចូលផ្លែឈើរបស់ប្រទេសថៃ ដោយសារមានកញ្ចប់ទុរេនមួយចំនួន ត្រូវបានរកឃើញថាមានដាននៃជំងឺ COVID-19 ហើយឥឡូវនេះ ប្រតិបត្តិករនៃវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ កំពុងណែនាំឱ្យអនុវត្ត និងត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីការដឹកជញ្ជូនផ្លែទុរេនរបស់ប្រទេសថៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mohan របស់ប្រទេសចិន ត្រូវបានភាគីខាងប្រទេសចិនរកឃើញថា វាមានដាននៃជំងឺ COVID-19 ទាំងនៅលើកញ្ចប់ខ្ចប់ និងលើឡានដឹកផ្លែទុរេននោះតែម្ដង។

យោងតាមបទបញ្ជារបស់លោកអភិបាលខេត្ត Suthee Thongyaem, គាត់បានបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការធ្វើតេស្តរកជំងឺ COVID-19 លើកម្មករនៅតាមទីតាំងអាជីវកម្មលក់ផ្លែឈើ ខណៈការបិទរយៈពេល ៣ថ្ងៃ ក៏ត្រូវបានណែនាំផងដែរ ប្រសិនបើមានការផ្ទុះឡើងខ្លាំងមិនអាចចៀសបាន។ បទបញ្ជា​នោះបាន​បន្ត​ថា ប្រសិនបើ​បរិវេណដែលសង្ស័យ​ត្រូវបន្ថែមពេលវេលាបិទខ្ទប់ អភិបាល​ខេត្ត​គួរ​តែ​ជូនដំណឹង​ ដើម្បី​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ជំងឺ​ខេត្ត​អាច​បញ្ជា​ឱ្យ​បិទទ្រង់ទ្រាយធំ និង​ផ្តល់​វិធានការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នេះ។ ប្រទេសថៃក៏ព្យាយាមជំរុញភ្នាក់ងារពាក់ព័ន្ធ ដើម្បីឱ្យមានការអនុវត្តពិធីសារ COVID-19 ឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រទេសថៃមិនអាចឱ្យមានការហាមឃាត់ការនាំចេញរបស់ខ្លួន ទៅប្រទេសចិនបានឡើយ។

គួរឱ្យដឹងផងដែរថា ផ្លែទុរេនប្រហែល ២៥,០០០ តោន ក្នុងចំណោម ៧២០,០០០ តោន ឬស្មើនឹង ៤% នៃទិន្នផលសរុបរបស់ប្រទេសថៃ គឺត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន។ ដូច្នេះហើយ ប្រទេសថៃត្រូវចាត់វិធានការចាំបាច់ នៅពេលដែលមានបញ្ហាម្ដងៗ ដើម្បីរក្សាទីផ្សារនាំចេញដ៏សំខាន់ (ចិន) មួយនេះឱ្យខានតែបាន៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: