បច្ចេកវិទ្យាកាន់តែទំនើប ជនល្មើសប្រើប្រាស់ Drone សម្រាប់ដឹកជញ្ចូនគ្រឿងញៀន
អូស្ត្រាលី៖ ប្តីប្រពន្ធពីរនាក់ត្រូវប៉ូលិសអូស្រ្តាលីធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថា ពួកគេបានព្យាយាមបង្ហោះយន្តហោះ Drone ដោយភ្ជាប់ជាមួយនឹងគ្រឿងញៀន និងទូរស័ព្ទមួយគ្រឿងចូលទៅក្នុងគុក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង មណ្ឌលឃុំឃាំង Arthur Gorrie Correctional Centre ក្នុងរដ្ឋ Queensland ភាគខាងជើង ប្រទេសអូស្រា្តលី។ បុរសជាប្តីដែលត្រូវបានគេចាប់ខ្លួននោះមានឈ្មោះថា Donald Griffin អាយុ ២២ ឆ្នាំ ហើយប្រពន្ធគាត់មានឈ្មោះថាKarlie Lorraine Cuzzu និងមានអាយុ ៣៥ ឆ្នាំ។
ពួកគេទាំងពីរនាក់នេះគឺជាអតីតអ្នកទោសគ្រឿងញៀន ដែលបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយត្រូវជាប់គុក ១៨ ខែ និងទើបតែត្រូវបានដោះលែងកាលពីប៉ុន្មានថ្ងៃមុខពេលចាប់ខ្លួនសារជាថ្មីនេះ។ បើទោះជាធ្លាប់ជាប់គុកព្រោះតែគ្រឿងញៀនមែន តែពួកគេមិនព្រមកែរខ្លួននោះឡើង ដោយគ្រាន់តែបានចេញពីគុកភ្លាមពួកគេបានព្យាយាមចែកចាយគ្រឿងទៅកាន់មិត្តភក្កិរបស់ពួកគេដែលកំពុងជាប់ឃុំឃាំងនោះទៀត។ យ៉ាងណាក្តី ពួកគេត្រូវបានចាប់ខ្លួនសារជាថ្មី និងត្រូវជាប់គុក ១៨ ខែ ជាថ្មីម្តងទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ yahoo