ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Zelenskyy បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃដិន ដាក់ប្រទេសរុស្ស៊ីជា «រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម»

    BY autoadmin April 16, 2022
    លោក Zelenskyy បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃដិន ដាក់ប្រទេសរុស្ស៊ីជា «រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម»

    កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃដិន ចាត់ថ្នាក់ប្រទេសរុស្ស៊ីជា «រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម» ។ របាយការណ៍បាននិយាយថា លោក Zelenskyy បានធ្វើការអំពាវនាវក្នុងអំឡុងពេលការហៅទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយលោក បៃដិន ប៉ុន្តែលោក បៃដិន ហាក់មិនមានសកម្មភាពជាក់លាក់ណាមួយឡើយ។ គួរឱ្យដឹងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិកអាចចាត់ថ្នាក់ រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម ចំពោះប្រទេសណាមួយដែលខ្លួនអះអាងថា បានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះអំពើភេរវកម្មជាអន្តរជាតិ។ វិធានការនេះអាចបង្កឱ្យមានផលវិបាកជាច្រើន រួមទាំងទណ្ឌកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏តឹងតែង។

    សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ប្រើ​ការ​កំណត់បែបនេះ ​សម្រាប់តែ​ប្រទេស​ចំនួន​ ៤ ​ប៉ុណ្ណោះ​ គឺ​អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង ស៊ីរី និង​គុយបា ហើយរដ្ឋលេខាធិការអាមេរិក Antony Blinken ក៏ធ្លាប់ត្រូវបានគេសួរអំពីការចាត់ថ្នាក់បែបនេះចំពោះរុស្ស៊ី កាលពីខែមីនាផងដែរ។ ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃសុក្រ លោក Zelenskyy បាននិយាយថា ទាហានអ៊ុយក្រែនពី ២,៥០០ ទៅ ៣,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ។ យ៉ាងណា ភាគីរុស្ស៊ី​អះអាង​ថា ចំនួន​ពិតគឺមាន​ច្រើន​ជាងនេះ ដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ទាហានអ៊ុយក្រែនជាង ១៤,០០០ នាក់ ត្រូវបានសម្លាប់។

    លោក Zelenskyy ក៏បាននិយាយដែរថា ទាហាន ១០,០០០ នាក់ទៀត បានរងរបួស ហើយគេមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់នឹងនៅរស់រានមានជីវិតនោះទេ។ លោក​បាន​បដិសេធ​មិន​ផ្តល់​ចំនួន​ពិតប្រាកដ​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​ ដោយ​លើក​ឡើង​ពី​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ផ្នែកខ្លះ​របស់​ប្រទេសខ្លួន ​ដែល​ត្រូវ​បាន​រារាំង​ដោយ​កងកម្លាំង​រុស្ស៊ី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: