រុស្ស៊ីសម្រេចហាមឃាត់មិនឲ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេសចូលក្នុងប្រទេសខ្លួន
- BY
- Pheakdey
- April 18, 2022
រុស្ស៊ី៖ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានសម្រេចធ្វើការហាមឃាត់មិនឲ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ចូលក្នុងប្រទេសខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីដែលកំពុងធ្វើការវិនិយោគឬរក្សាទុកនៅក្នុងប្រទេសខ្លួនហើយទឹកប្រាក់ទាំងនោះមានទំហំប្រមាណជា ១០ពាន់លានផោន (ជាង ១៣ពាន់លានដុល្លារ)។

ប្រភពខាងលើបានបន្តថា ក្រៅតែពីធ្វើការហាមឃាត់លោកនាយករដ្ឋមន្ត្រីអង់គ្លេស រដ្ឋភិបាលរុស្ស៊ីក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់អង់គ្លេសចំនួន ១២រូបផ្សេងទៀតផងដែរ ដោយក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសគឺលោក Liz Truss លោកអធិការបតី Rishi Sunak និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ Priti Patel ផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងនេះបានកើតដោយសារតែបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដ្បិតប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានផ្តើមដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ីក្នុងរូបភាពផ្សេងៗគ្នា ហើយក្នុងនោះការបង្កកទ្រព្យសម្បត្តិក្រុមមហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលរុស្ស៊ីក៏បានក្លាយជាជម្រើសនៃការដាក់ទណ្ឌកម្មមួយផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Business Insider
- Share This Post:






