យោធាប៉ាគីស្ថានបានវាយឆ្មក់តាមអាកាសមកលើអាហ្វហ្គានីស្ថាន ដែលបណ្ដាលឱ្យពលរដ្ឋប្រមាណ ៥០នាក់ រួមទាំងកុមារតូចៗបានបាត់បង់ជីវិត
- BY
- autoadmin
- April 18, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា កងកម្លាំងរបស់ប៉ាគីស្ថានបានធ្វើការវាយឆ្មក់តាមអាកាស ទៅលើភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សជិត ៥០នាក់ រួមទាំងកុមារតូចៗ ខណៈមនុស្សចំនួន ២៥ នាក់ផ្សេងទៀត បានរងរបួស។ មន្ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងខេត្ត Khost និង Kunar កាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះរដ្ឋមន្ត្រីការបរទេសស្តីទីរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន គឺលោក Amir Khan Muttaqi បានកោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថាននៅទីក្រុងកាប៊ុល ដើម្បីប្រឆាំងនឹងការវាយប្រហារនេះ។

ជាការឆ្លើយតប ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខរបស់ខ្លួន ត្រូវបានគេកំណត់គោលដៅនៅក្នុងការវាយប្រហារឆ្លងព្រំដែនពីប្រទេសអាហ្វហ្គានីស្ថាន ហើយបានអះអាងថា មានជនរងគ្រោះជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែក្រសួងមិនបញ្ជាក់ថា តើយោធាប៉ាគីស្ថានពិតជាបានធ្វើការវាយប្រហារតាមអាកាសនៅអាហ្វហ្គានីស្ថាន ឬយ៉ាងណានោះឡើយ។
ជម្រាបដែរថា ក្រុមតាលីបង់ប៉ាគីស្ថាន ដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន បានវាយប្រហារម្តងហើយម្តងទៀត ទៅលើយោធារបស់ប្រទេសចាប់តាំងពីខែធ្នូ។ រដ្ឋាភិបាលប៉ាគីស្ថានអះអាងថា ក្រុមសកម្មប្រយុទ្ធបាននិងកំពុងធ្វើការវាយប្រហារប្រឆាំងនឹងប៉ាគីស្ថានពីខាងក្នុងទឹកដីអាហ្វហ្គានីស្ថាន។ មន្ត្រីនៅក្នុងទីក្រុង Islamabad បានអំពាវនាវឱ្យរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ ដែលត្រូវបានគេនិយាយថា មានទំនាក់ទំនងជាមួយក្រុមនេះ គួរមានសកម្មភាពដើម្បីបញ្ឈប់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






