អ្នកវិទ្យាសាស្ត្របានព្រមានថា មេរោគ Zika អាចមានហានិភ័យទៅជាជំងឺរាតត្បាតថ្មី ដោយសារការផ្លាស់ប្ដូរទម្រង់របស់វា
- BY
- autoadmin
- April 19, 2022
ថ្មីៗនេះអ្នកស្រាវជ្រាវបានព្រមានថា ការផ្ទុះឡើងថ្មីនៃមេរោគ Zika នៅទូទាំងពិភពលោកគឺពិតជាអាចទៅរួច ដោយសារថា ការបំប្លែងខ្លួនរបស់មេរោគនេះតែមួយ (mutation) អាចមានសក្តានុពលគ្រប់គ្រាន់ ក្នុងការបង្កឱ្យមានការរីករាលដាលដ៏ធំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ គួរឱ្យដឹងដែរថា ជំងឺនេះបានបង្កឱ្យមានភាពអាសន្នផ្នែកវេជ្ជសាស្ត្រជាសកលនៅឆ្នាំ២០១៦ ដោយកាលនោះ មានទារករាប់ពាន់នាក់បានកើតមកជាមួយនឹងការខូចខាតខួរក្បាល បន្ទាប់ពីម្តាយរបស់ពួកគេបានឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ។ អ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា ពិភពលោកគួរតែស្វែងយល់ពីការបំប្លែងខ្លួនថ្មីរបស់មេរោគនេះ។

បើតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន La Jolla Institute for Immunology នៅ San Diego រដ្ឋ California ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Cell Reports បាននិយាយថា មេរោគ Zika អាចផ្លាស់ប្តូរទម្រង់បានយ៉ាងងាយស្រួល ដែលជាហេតុ ធ្វើឱ្យវាក្លាយទៅជាវ៉ារ្យ៉ង់ថ្មីមួយទៀត។ វ៉ារ្យ៉ង់ទាំងនោះ នឹងធ្វើឱ្យមានការចម្លងថ្មីៗបន្ថែមទៀត បើទោះបីជានៅក្នុងប្រទេសដែលមានភាពស៊ាំពីការផ្ទុះពីមុនៗក៏ដោយ។ ម្យ៉ាងទៀត ការផ្លាស់ប្ដូរទម្រង់ថ្មី បង្កើនឱកាសឱ្យមេរោគអាចចម្លងទៅសត្វ ហើយវានឹងបង្កឱ្យមានវ៉ារ្យ៉ង់ថ្មីៗបន្ថែមទៀត។ ដូច្នេះវាមានន័យថា ក្រៅពីជំងឺ COVID-19 គឺមានវីរុសជាច្រើនទៀត សុទ្ធតែអាចក្លាយទៅជាបញ្ហាធំ ប្រសិនបើគ្មានការយកចិត្តទុកដាក់ឱ្យបានខ្ពស់។
មេរោគ Zika ត្រូវបាចម្លងដោយមូសខ្លា Aedes ដូចជាជំងឺជំងឺគ្រុនឈាម ឬ ឈីហ្គូនយ៉ា (chikungunya)។ មូសប្រភេទនេះ គឺមាននៅទូទាំងទ្វីបអាមេរិក និងនៅទូទាំងអាស៊ី លើកលែងតែប្រទេសកាណាដា និងប្រទេសឈីលី ដោយសារវាត្រជាក់ពេក។ ជំងឺនេះមិនធ្វើឱ្យមានហានិភ័យច្រើនសម្រាប់មនុស្សធំនោះទេ ប៉ុន្តែមានហានិភ័យខ្ពស់សម្រាប់ទារក ឬគភ៌នៅក្នុងផ្ទៃ នៅពេលដែលម្ដាយបានឆ្លងមេរោគអំឡុងពេលមានគភ៌។ មេរោគ Zika ក៏អាចឆ្លងបានតាមការរួមភេទផងដែរ ប៉ុន្តែមានមនុស្សតិចណាស់ ដែលស្លាប់ដោយសារមេរោគ Zika ហើយមានតែ ១ ក្នុងចំណោម ៥ នាក់ប៉ុណ្ណោះ ដែលនឹងមានរោគសញ្ញា រួមមាន៖ គ្រុនក្តៅ ឡើងកន្ទួល និងឈឺសន្លាក់៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






