សប្បាយក្លាយជាទុក្ខ! ប្តីប្រពន្ធ ១គូនៅថៃមកពីដើរលេងបុណ្យសង្រ្កាន្តវិញយំបោកខ្លួន ក្រោយត្រូវចោរចូលគាស់ទូដែកលួចទ្រព្យសម្បត្តិអស់ជាង ៣០មុឺនដុល្លារ
- BY
- autoadmin
- April 20, 2022
ថៃ៖ សារព័ត៌មាន sanook កាលពីពេលថ្មីៗនេះបានចុះផ្សាយឲ្យដឹងថា មានប្ដីប្រពន្ធ ១គូនៅក្នុងប្រទេសថៃ បានបាត់បង់ទ្រព្យសម្បត្តិអស់ខ្ទង់ម៉ឺនដុល្លារ បន្ទាប់ពីត្រឡប់មកពីដើរលេងនាពិធីបុណ្យសង្រ្កាន្តវិញ។ ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា បុរសជាប្ដីមានឈ្មោះថា Juthasith បានទៅប្ដឹងសមត្ថកិច្ចនៃប៉ុស្តិ៍ហួយខ្វាង ថា រូបលោកត្រូវបានជនល្មើសគាស់ផ្ទះ ហើយចូលទៅគាស់ទូដែកនៅបន្ទប់គេងជាន់ទី២ បាត់បង់ទ្រព្យជាង ៣២មុឺនដុល្លារ។

ជាមួយគ្នានេះដែរ អ្នកនាង វណ្និដា ត្រូវជាភរិយាក៏បានរៀបរាប់ថា មុនកើតហេតុ កាលពីថ្ងៃទី១៤មេសា ក្រុមគ្រួសារនាងបានធ្វើដំណើរទៅសម្រាកលំហែកាយនៅឯខេត្តឈុនបុរី លុះថ្ងៃទី១៦មេសា ក្នុងចន្លោះម៉ោង ១៧:០០នាទី បានធ្វើដំណើរត្រឡប់មកកាន់គេហដ្ឋានវិញ ទើបប្រទះឃើញភាពខុសប្រក្រតី ត្រង់បង្អួចបន្ទប់ទឹកឃើញបើកចំហរ ហើយនៅពេលដែលបានដើរត្រួតពិនិត្យជុំវិញផ្ទះ ស្រាប់តែប្រទះឃើញមាត់បង្អួចហើយនឹងទ្វារនៅឯចង្រ្កានបាយត្រូវបានគាស់បណ្តាលអោយសោរគន្លឹះទ្វារខូចខាតទាំងស្រុង។
នាងបានបន្តទៀតថា ពីដំបូងគិតថា ទ្រព្យសម្បត្តិនិងរបស់មានតម្លៃអាចនឹងមិនបាត់បង់ ព្រោះតែទូដែកត្រូវបានលាក់ក្នុងទូអាថ៌កំបាំងមួយទៀតដែលបានរចនាដោយមានការបង្កប់ចូលទៅក្នុងទូ ព្រមទាំងភ្ជាប់ទូដែកអោយជាប់ទៅនៅផ្ទៃបន្ទប់តែម្តង មិនមាននរណាដឹងទេ ប៉ុន្តែក្រោយពេលដែលឡើងទៅមើល បែរជាប្រទះឃើញទូដែក ដែលមានទម្ងន់ ៥០គីឡូត្រូវបានអូសចេញពីទូនោះទៅវិញ។
ជាចុងក្រោយប្តីប្រពន្ធមួយគូនេះក៏ព្រមទទួលស្គាល់នៅការធ្វេសប្រហែសរបស់ខ្លួនដែលមិនព្រមចុះឈ្មោះចូលគម្រោងផ្ញើផ្ទះអោយបូលីស ហើយថែមទាំងមិនបានដាក់កាមេរ៉ាសុវត្ថិភាពថែមទៀតផង។ យ៉ាងណាក្តីភរិយារបស់ម្ចាស់ផ្ទះពោលទាំងមិនអស់ចិត្តថា មិនមាននរណាដឹងកន្លែងលាក់ទូដែកអាថ៌កំបាំងនេះឡើយ ក្រៅពីក្រុមហ៊ុនដេកគ័រអោយ ប៉ុន្តែនាងមិនមានចេតនាចោទប្រកាន់ទៅកាន់ក្រុមហ៊ុននោះឡើយ ព្រមទាំងដាស់តឿនអោយផ្ញើរបស់ទ្រព្យទៅកាន់ធនាគារវិញដើម្បីសុវិត្ថភាពពិតប្រាកដ ក៏ដូចជាអំពាវនាវដល់បូលីសសមត្ថកិច្ចដែលពាក់ព័ន្ធជួយចាប់ជនល្មើសមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕











អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






