អន្តរជាតិ

ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង Yoon Suk-yeol ចង់លុបចោលវិធីសាស្រ្តគណនាអាយុបែបប្រពៃណី ហើយមកប្រើប្រាស់ប្រព័ន្ធគណនាអន្តរជាតិវិញ

BY
autoadmin
April 20, 2022

ពលរដ្ឋកូរ៉េខាងត្បូងអាចនឹងត្រូវចុះថយអាយុរបស់ពួកគេយ៉ាងហោចណាស់ ១ឆ្នាំ ប្រសិនបើប្រធានាធិបតីថ្មីរបស់ប្រទេសនេះ អាចសម្រេចបាននូវការណែនាំថ្មីមួយទាក់ទងនឹងការគណនាអាយុ នេះបើយោងតាមការចុះផ្សាយរបស់BBC។ លោក Yoon Suk-yeol អតីតអគ្គរដ្ឋអាជ្ញាដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីនៅខែក្រោយ បានសន្យាថា នឹងលុបចោលវិធីសាស្រ្តគណនាអាយុពីមុន ដោយសារថា ការគណនាបែបនោះ វាធ្វើឱ្យពលរដ្ឋចាស់ជាងអាយុពិតប្រាកដរបស់ពួកគេ។ ជម្រាបដែរថា នៅក្នុងប្រព័ន្ធគណនាអាយុរបស់កូរ៉េ ទារកទាំងអស់មានអាយុ ១ឆ្នាំ រួចទៅហើយ នៅថ្ងៃដែលពួកគេបានកើត និងមានអាយុច្រើនជាង ១ឆ្នាំ រៀងរាល់ថ្ងៃទី១ ខែមករា។ នោះមានន័យថា កុមារដែលកើតនៅថ្ងៃទី៣១ ខែធ្នូ នឹងមានអាយុ ២ឆ្នាំ នៅថ្ងៃបន្ទាប់។

វិធីសាស្រ្តបុរាណនៃការគណនាអាយុ គឺធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីបូព៌ា ប៉ុន្តែប្រទេសផ្សេងទៀត បានផ្លាស់ប្ដូរទៅប្រើប្រព័ន្ធអន្តរជាតិតាំងពីយូរយារណាស់មកហើយ។ ប្រភពដើមនៃការគណនាបែបនេះគឺមិនច្បាស់លាស់នោះទេ ហើយបើតាមទ្រឹស្ដីមួយគែបាននិយាយថា ប្រព័ន្ធនេះគឺប្រើដើម្បីទទួលស្គាល់ជីវិតរបស់ទារក។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ប្រព័ន្ធ​នេះ​កើត​ចេញ​ពី​ប្រព័ន្ធ​លេខ​បុរាណ ​ដែល​គ្មាន​លេខ​សូន្យ (no concept of zero)។ មានពេលខ្លះប្រទេសកូរ៉េខាងត្បូងក៏បានព្យាយាមមិនប្រើរបៀបគណនាអាយុបែបបុរាណផងដែរ ប៉ុន្តែការខិតខំប្រឹងប្រែងទាំងនោះ ជារឿយៗនាំឱ្យមានការយល់ច្រឡំកាន់តែខ្លាំង។

ជាលទ្ធផល កូរ៉េខាងត្បូងឥឡូវនេះមានវិធីសាស្រ្តចំនួន ៣ សម្រាប់កំណត់អាយុ ហើយប្រជាជនកូរ៉េខាងត្បូងត្រូវតែរកឱ្យឃើញនូវវិធីសាស្ត្រណា ដែលអនុវត្តចំពោះច្បាប់ ឬដំណើរការរដ្ឋបាល។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ឯកសារផ្លូវការ និងច្បាប់របស់កូរ៉េខាងត្បូង បានប្រើប្រាស់ប្រព័ន្ធអន្តរជាតិ ដែលទារកកើតនៅអាយុ ០ឆ្នាំ និងបន្ថែមមួយឆ្នាំរៀងរាល់ថ្ងៃកំណើត។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសង្គមស្ទើរតែគ្រប់ពលរដ្ឋកូរ៉េខាងត្បូង ពួកគេបានបន្តគណនាអាយុរបស់ពួកគេ ដោយប្រើវិធីសាស្ត្រប្រពៃណី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: