អន្តរជាតិ

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនឱ្យឈ្នះសង្គ្រាមជាមួយរុស្ស៊ី

BY
autoadmin
April 20, 2022

សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀតដើម្បីជួយការពារ ប្រឆាំងនឹងការវាយលុកជាថ្មីរបស់រុស្ស៊ី នេះបើតាមរបាយការណ៍របស់ BBC ។ សហរដ្ឋ​អាមេរិក និង​អ្នក​ដទៃ​ទៀត​ បាន​ប្តេជ្ញា​ថា​ ពួកគេនឹង​បញ្ជូន​ជំនួយ​កាំភ្លើង​ធំ រថក្រោះ និង​អាវុធការពារ​ដែន​អាកាស ​ទៅកាន់ទី​ក្រុង Kyiv នៅក្នុង​អំឡុង​ពេល​ការ​ហៅ​ជា​វីដេអូ​រយៈពេល ៩០ នាទី ​កាល​ពី​ថ្ងៃ​អង្គារ។ អ៊ុយក្រែន​និយាយ​ថា ខ្លួន​ត្រូវ​ការ​សព្វាវុធ​ដើម្បី​​ការពារ​ខ្លួន ខណៈ​​យោធារុស្ស៊ី​បាន​បើក​យុទ្ធនាការ​ថ្មី​មួយ ​នៅ​ភាគ​ខាង​កើតរបស់​ប្រទេស។ ការប៉ះទង្គិចគ្នានៅទីនោះបានកត់សម្គាល់នូវអ្វី ដែលមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា គឺជាការចាប់ផ្តើមនៃ «សមរភូមិដុនបាស»។

តំបន់ដុនបាសភាគខាងកើត ដែលរួមមាន Luhansk និង Donetsk គឺជាកន្លែងដែលយោធារុស្ស៊ីកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន។ យោងតាមប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ីបាននិងកំពុងវាយប្រហារទីតាំងនានារបស់អ៊ុយក្រែន នៅតាមខ្សែបន្ទាត់ជួរមុខចម្ងាយ ៤៨០ គីឡូម៉ែត្រ ចាប់តាំងពីថ្ងៃចន្ទ។ ការវាយប្រហារជាថ្មីរបស់រុស្ស៊ី បានធ្វើឱ្យមេដឹកនាំលោកខាងលិចជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីជំនួយយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំនេះ ក្រសួងការពារជាតិអាមេរិកបាននិយាយថា យន្តហោះយោធា និងគ្រឿងបន្លាស់យន្តហោះបន្ថែមទៀត នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ដើម្បីបង្កើនទំហំការហោះហើរ និងជួសជុលអាវុធរបស់អ៊ុយក្រែនដែលត្រូវបានខូចខាត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: