បុរសម្នាក់បម្រុងនឹងចូលលួចបច្ច័យវត្តទៅហើយ ប៉ុន្តែបានឆ្កែវត្តមួយក្រុមព្រួតគ្នា បណ្ដេញចេញពីវិហារវត្តបានវិញ
- BY
- autoadmin
- April 20, 2022
ហ្វូងឆ្កែវត្តមួយក្រុមក្នុងសង្កាត់ Muang របស់ខេត្តឈៀងម៉ៃ បានព្រួតគ្នារារាំងចោរម្នាក់ពីការលួចយកបច្ច័យវត្ត កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ប្រភពដដែលបានឱ្យដឹងថា ព្រះសង្ឃ និងលោកនេន បានឮសំឡេងឆ្កែព្រុសយ៉ាងខ្លាំង នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ទើបធ្វើឱ្យពួកគាត់ត្រូវចេញពីកុដិ ដើម្បីមកមើលស្ថានការណ៍នៅខាងក្រៅ ហើយក៏បានប្រទះឃើញបុរសជាជនសង្ស័យ ត្រូវបានឡោមព័ទ្ធដោយក្រុមឆ្កែវត្តទាំងនោះ។ ព្រះសង្ឃ និងលោកនេន នៅឯវត្ត Don Chia ក្នុងឃុំ Pa Daed ក៏បានចាប់ខ្លួនបុរសនោះ ហើយប្រគល់ឱ្យលោក Weerachai Chaimongkol ដែលជាមេស្រុកនៅទីនោះ។

រូបតំណាង
ប្រភពបាននិយាយថា បុរសនោះបានវាយបំបែកកញ្ចក់បង្អួចវិហារវត្ត ដោយមានចេតនាលួចយកបច្ច័យពីប្រអប់មួយនៅខាងក្នុងវិហារ។ ប៉ុន្តែជាសំណាងល្អ ហ្វូងឆ្កែវត្តបានឮសំឡេងចោរ ហើយបានព្រួតគ្នាដេញព្រុសដាក់បុរសនោះ មិនឱ្យចូលក្នុងវិហារបាននោះទេ។ ការពិតទៅ បុរសនេះក៏ធ្លាប់បានចូលមកលួចបច្ច័យវត្តម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែមេសា ដោយសារវត្តមិនបានចាក់សោរវិហារ។ យ៉ាងណាក៏ដោយ «ជង់មិនភ្លេចកុក» ទីបំផុតលោកចោរ ត្រូវបានគេចាប់ខ្លួនទាល់តែបាន។
លោក Weerachai បាននិយាយថា ព្រះចៅអធិការវត្តព្រះអង្គ Phra Atikarn Wutthipong ក្រោយមកបានដកពាក្យបណ្តឹង ប្រឆាំងនឹងបុរសម្នាក់នោះវិញ ដោយសារថា ជនសង្ស័យជាមនុស្សអត់ការងារធ្វើមកពីប្រទេសជិតខាង ហើយទំនងជាស្រវឹងស្រាផងដែរ។ ចៅអធិការវត្តបានមានសង្ឃដីកាថា វត្តបានសម្រេចចិត្តមិនចោទប្រកាន់គាត់ទេ ហើយអត្តសញ្ញាណរបស់គាត់ត្រូវបានបិទជិត ដោយក្តីអាណិតពីវត្ត ហើយព្រះចៅអធិការវត្តបានទូន្មានបុរសនោះ ឱ្យធ្វើជាមនុស្សល្អ បុគ្គលល្អឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






