អ៊ុយក្រែននិងរុស្ស៊ី បានព្រមព្រៀងគ្នាជាបឋម ក្នុងការជម្លៀសពលរដ្ឋចេញពីទីក្រុង Mariupol
- BY
- autoadmin
- April 21, 2022
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាននិយាយថា ប្រទេសរបស់អ្នកស្រីបានយល់ព្រមជាមួយរុស្ស៊ី ដើម្បីបង្កើតផ្លូវជម្លៀសចេញពីទីក្រុង Mariupol ភាគខាងកើត សម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។ លោក Vereshchuk បានធ្វើសេចក្តីប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ ហើយបានប្រាប់ពីទីតាំងមួយ ដើម្បីឱ្យពលរដ្ឋមកជួបជុំគ្នានៅម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក) ។ លោកស្រីបាននិយាយថា អ្នកដែលចង់ជម្លៀសចេញ នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ Zaporizhzhia ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលក្រុង Mariupol លោក Vadym Boichenko ដោយនិយាយថា ប្រទេសអ៊ុយក្រែនគ្រោងនឹងប្រើប្រាស់រថយន្តក្រុងចំនួន ៩០ គ្រឿង ដើម្បីជម្លៀសមនុស្សប្រហែល ៦,០០០ នាក់។ គាត់បានប្រាប់រ៉យទ័រថា ជនស៊ីវិលប្រហែល ១០០,០០០ នាក់ នៅតែស្ថិតក្នុងទីក្រុង។ ប៉ុន្តែមានរបាយការណ៍ក្នុងប្រទេសអ៊ុយក្រែនបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាកិច្ចព្រមព្រៀងបឋមប៉ុណ្ណោះ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ផែនការអាចត្រូវបានផ្លាស់ប្តូរ ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្តនៅក្នុងទីក្រុង Mariupol៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






