វៀតណាមអនុញ្ញាតឱ្យអ្នកជំងឺកូវីដ១៩អាចទៅធ្វើការបាន ប្រសិនបើពួកគេចង់ ប៉ុន្តែត្រូវមានលក្ខខណ្ឌទាំងនេះ
- BY
- autoadmin
- April 21, 2022
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son មានប្រសាសន៍ថា និយោជកអាចបង្កើតលក្ខខណ្ឌផ្សេងៗ ដើម្បីឱ្យបុគ្គលិកដែលមានជំងឺ COVID-19 អាចបន្តធ្វើការបានប្រសិនបើពួកគេចង់។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារថា ប្រសិនបើអ្នកជំងឺ COVID-19 សុខចិត្តទៅធ្វើការ និយោជករបស់ពួកគេគួរតែរៀបចំបំបែកបុគ្គលិក និងចៀសវាងការចម្លងគ្នាទៅវិញទៅមក។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅតែដាក់ឈ្មោះជំងឺ COVID-19 ក្នុងពូល A ដែលតម្រូវឱ្យអនុវត្តពិធីការបង្ការទាំងអស់យ៉ាងតឹងរ៉ឹង។

ជំងឺក្នុងពូល A គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់ ដែលមានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស និងទូលំទូលាយ មានអត្រាមរណភាពខ្ពស់ ឬភ្នាក់ងារមូលហេតុដែលមិនស្គាល់។ ក្រុមពូលនេះរួមមាន៖ គ្រុនផ្តាសាយ A-H5N1, ប៉េស្ត, ជំងឺអុតស្វាយ, ជំងឺគ្រុនឈាម និងជំងឺអាសន្នរោគ។
បើតាមច្បាប់បច្ចុប្បន្ន អ្នកជំងឺ COVID-19 ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ ឬកន្លែងព្យាបាលរយៈពេលប្រាំ ៧ថ្ងៃ។ ប្រសិនបើក្នុងរយៈពេលព្យាបាល ៧ថ្ងៃ ពួកគេនៅតែបន្ដវិជ្ជមានជាមួយជំងឺ COVID-19 អ្នកជំងឺនឹងត្រូវបន្ដនៅដាច់ដោយឡែករយៈពេល ១ សប្ដាហ៍ សម្រាប់អ្នកដែលមិនចាក់វ៉ាក់សាំង ខណៈអ្នកបានចាក់វ៉ាក់សាំងរួច ត្រូវផ្ដាច់ខ្លួនរយៈពេល ៣ ថ្ងៃ។ ក្រសួងក៏បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការដកវិធានការដាក់ឱ្យនៅដាច់ដោយឡែកទាំងអស់ ដែលបានអនុវត្តពីមុន សម្រាប់អ្នកប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ។ លោក Son បាននិយាយថា វិធានការនេះត្រូវបានធ្វើឡើង ខណៈដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយជីវិតបានវិលមករកភាពប្រក្រតីវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






