អន្តរជាតិ

ទាល់តែចប់បានឱ្យចេញ! ហាងកាហ្វេមួយនៅប្រទេសជប៉ុន មិនឱ្យភ្ញៀវចេញពីហាងវិញឡើយ ប្រសិនបើពួកគេធ្វើកិច្ចការមិនទាន់ចប់សព្វគ្រប់

BY
autoadmin
April 21, 2022

ហាងកាហ្វេមួយនៅសង្កាត់ Koenji ក្នុងទីក្រុងតូក្យូ របស់ប្រទេសជប៉ុន មានច្បាប់គួរឱ្យចាប់អារម្មណ៍មួយ គឺពួកគេទទួលយកតែអតិថិជនណា ដែលត្រូវសរសេរកិច្ចការសាលា ឬការងារផ្សេងៗ និងជិតដល់ថ្ងៃផុតកំណត់ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្លួនក៏នឹងមិនអនុញ្ញាតឱ្យអតិថិជនចាកចេញពីហាងនោះដែរ រហូតទាល់តែដល់ពួកគេធ្វើកិច្ចការរបស់ពួកគេចប់។ ដើម្បីជាការដាស់តឿនពីរបៀបរបបនៅក្នុងហាង ហាងកាហ្វេមួយនោះក៏បានដាក់រូបសញ្ញាពីមាត់ទ្វារហាងតែម្ដង ដោយមានសរសេរថា៖ The Manuscript Writing Cafe អនុញ្ញាត​ឱ្យ​តែកវីដែលត្រូវ​​ប្រឈមនឹងកាលកំណត់ចូលតែ​ប៉ុណ្ណោះ​! ដើម្បីរក្សាកម្រិតនៃការផ្តោតអារម្មណ៍ និងបរិយាកាសតានតឹងនៅហាងកាហ្វេ! អរគុណ​ចំពោះ​ការយោគ​យល់​របស់​អ្នក។

យោងតាមគេហទំព័ររបស់ហាងកាហ្វេ The Manuscript Writing Cafe បានបង្ហាញថា ជាដំបូងអតិថិជននឹងទទួលបានកាតមួយ ដើម្បីបង្ហាញពីគោលដៅការងាររបស់ពួកគេ នៅពេលពួកគេចូលដល់ក្នុងហាងកាហ្វេ។ ការអង្គុយអប្បបរមា (តិចបំផុត) នៅក្នុងហាងកាហ្វេគឺ ៣០នាទី បន្ទាប់មកការជួលត្រូវបានគិតថ្លៃតាមម៉ោង។ ក្នុងអំឡុងពេលអង្គុយ អ្នកគ្រប់គ្រងហាងនឹងតាមសួរអំពីដំណើរការរបស់អតិថិជន ដើម្បីប្រាកដថា ពួកគេកំពុងធ្វើកិច្ចការរបស់ពួកគេពិតមែន។ ដំណើរការទូទាត់លុយក៏នឹងចេញឱ្យមុននោះដែរ រហូតទាល់តែពួកគេបានបង្ហើយកិច្ចការទាំងអស់។

ហាងកាហ្វេក៏មានជាកំណត់សម្គាល់ផងដែរ ទាក់ទងនឹងរបៀបនៃការតាំងចិត្តរបស់អតិថិជន នៅក្នុងដំណើរការការងាររបស់ពួកគេ។ ឧទាហរណ៍៖ អក្សរ «S» គឺសម្រាប់អ្នកដែលប្រញាប់បញ្ចប់កិច្ចការ និង «M» សម្រាប់អ្នកដែលគ្រាន់តែចង់បានការរុញចិត្តធម្មតា។ ប្រសិនបើអ្នកមិនអាចបញ្ចប់ការងារតាមកាលវិភាគម៉ោងធ្វើការរបស់ហាងកាហ្វេទេ តម្លៃជួលនឹងកើនឡើង ៥០០ យេន (៣.៨៩ ដុល្លារ) ក្នុងមួយម៉ោង៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Today

Share This Post: