អន្តរជាតិ

ទណ្ឌកម្មកាន់តែច្រើន ប៉ុន្តែប្រទេសរុស្ស៊ីនៅមានកំណើននាំចេញប្រេងមិនដាច់

BY
autoadmin
April 21, 2022

ប្រទេសរុស្ស៊ីបានទទួលរងនូវទណ្ឌកម្មជាច្រើន ដែលអាចធ្វើឱ្យយើងយល់ច្រឡំថា សេដ្ឋកិច្ចរបស់ពួកគេនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែវាមិនមែនបែបហ្នឹងទាំងអស់ទេ។ ជាក់ស្ដែងប្រេងរុស្ស៊ីជាច្រើននៅតែបន្តហូរចូលទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា បើទោះបីជាភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ដអស់រយៈពេលជិត ២ខែ យ៉ាងណាក្ដី នេះបើតាមការទិន្នន័យពីក្រុមហ៊ុន Refinitiv ដោយកាសែត Nikkei Asia។ ផ្ទុយទៅវិញ បើទោះបីប្រទេសសេដ្ឋកិច្ចលោកខាងលិចធំៗ ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសពីការទណ្ឌកម្មថ្មីៗ ហើយក្រុមហ៊ុនថាមពលដូចជា BP និង Shell បានប្រកាសនឹងលែងទិញប្រេងពីរុស្ស៊ីក៏ដោយ វាមិនអាចបញ្ឈប់អ្នកដទៃឱ្យបង្កើនការទិញពីរុស្ស៊ីនោះទេ។

យោងតាមការវិភាគបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា មាននាវាដឹកប្រេងសរុបចំនួន ៣៨០ គ្រឿង បានចាកចេញពីប្រទេសរុស្ស៊ី ដែលជាកើនឡើងបន្តិចពី ៣៥៧ គ្រឿង ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនបានកើនឡើងជារៀងរាល់ឆ្នាំ សូម្បីតែបន្ទាប់ពីការសម្លាប់ជនស៊ីវិលដ៏ធំនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន ដែលបានកើតឡើងកាលពីថ្ងៃទី០២ ខែមេសា ថ្មីៗនេះក៏ដោយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែចាប់តាំងពីថ្ងៃទី១៨ ខែមេសា តរៀងមក ក៏មាននាវាប្រេងរហូតដល់ទៅ ១១៩ គ្រឿង បានចាកចេញពីប្រទេសរុស្ស៊ី ដែលជាការកើនឡើងពី ១០៩ គ្រឿង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមនាវាទាំង ៣៨០ គ្រឿង ដែលបានចេញពីរុស្ស៊ីចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មាននាវាចំនួន ១១៥ គ្រឿង គឺឬត្រូវបានបញ្ជូនទៅកាន់អាស៊ី ដោយក្នុងនោះ៖ ៥២ គ្រឿង ទៅកាន់ប្រទេសចិន, ២៨ គ្រឿង ទៅកាន់កូរ៉េខាងត្បូង, ២៥ គ្រឿង ទៅកាន់ប្រទេសឥណ្ឌា, ៩ គ្រឿង ទៅកាន់ប្រទេសជប៉ុន និង ១ គ្រឿងទៅកាន់ម៉ាឡេស៊ី។ នោះតំណាងឱ្យការកើនឡើង ៨ ដង សម្រាប់ប្រទេសឥណ្ឌា និងការកើនឡើង ៣៣% សម្រាប់ប្រទេសចិនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួន​ប្រទេស​ផ្សេង​ទៀត​ គឺធ្លាក់​ចុះ ១៦%។ តម្លៃប្រេងឆៅក៏មានការចុះថយមកវិញប្រមាណ ៣០% ធៀបនឹងដើមខែមីនា និងពាក់កណ្ដាលខែមេសា ពីតម្លៃ ១១១ ដុល្លារ/បារ៉ែល មកនៅត្រឹម ៧៨ ដុល្លារ/បារ៉ែល។

ក្នុងចំណោមប្រទេសដែលបន្ដទិញប្រេងពីរុស្ស៊ី ប្រទេសឥណ្ឌា និងចិន បានបញ្ជាទិញប្រេងច្រើនជាងគេ ខណៈដែលភាគីរុស្ស៊ីបានចុះថ្លៃឱ្យឥណ្ឌារហូតដល់ទៅ ៣៥ ដុល្លារ/បារ៉ែល ដែលជាតម្លៃថោកជាងមុនពេលមានសង្គ្រាមទៅទៀត។ វាច្បាស់ណាស់ថា ប្រទេសឥណ្ឌានឹងទទួលផលចំណេញមួយនេះ។ ជាមួយគ្នានេះដែរ ទិន្នន័យតាមដាននាវាដឹកប្រេងបានបង្ហាញថា នាវាប្រេងចំនួន ៤១ គ្រឿង បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់, ៣៦ គ្រឿង ទៅកាន់ប្រទេសអ៉ីតាលី និង ៩ គ្រឿងទៅកាន់ប្រទេសអាល្លឺម៉ង់ នៅចន្លោះថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១៥ ខែមេសា បើទោះបីជាប្រទេសអឺរ៉ុបទាំងនេះ ប្រកាសធ្វើពហិការមិនទិញទំនិញរុស្ស៊ីក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: