ធ្វើល្អជួបល្អមែន! សន្តិសុខម្នាក់ទទួលបានប្រាក់ជិត ១ម៉ឺនដុល្លារ ក្រោយជួយធ្វើរឿងមួយនេះដល់អ្នករស់នៅក្នុងបុរី
- BY
- autoadmin
- April 22, 2022
ថៃ៖ យោងតាមសារព័ត៌មាន khaosod បានអោយដឹងថា សន្តិសុខក្នុងបុរីមួយកន្លែងនៅប្រទេសថៃ ទទួលបានប្រាក់លើកទឹកចិត្តជិត ១ម៉ឺនដុល្លារ ក្រោយបានជួយរកឆ្មាដែលចេញពីផ្ទះមកឱ្យម្ចាស់វិញ។ ប្រភពដដែលបានឱ្យដឹងថា ម្ចាស់ឆ្មាបានប្រកាសស្វែងរកឆ្មាជាទីស្រឡាញ់ដែលមានឈ្មោះថា ណងម៉ុន្នី ភេទញី ដោយបានបាត់ពីផ្ទះបុរីម្តុំ ថាវអុិនថាវ ព្រមទាំងបានប្រកាសថា ប្រសិនបើមានបងប្អូនណាជួយអោយរកឃើញ នឹងប្រគល់រង្វាន់ថ្លៃលើកទឹកចិត្តចំនួន ៣សែនបាត ឬ ជិត១មុឺនដុល្លារ។

ការប្រកាសនេះ បានក្លាយទៅជាព័ត៌មានល្បី ហើយនាំអោយបងប្អូនជាច្រើនជួយតាមរក លុះបន្ទាប់មកមានសន្តិសុខរបស់បុរីដែលម្ចាស់ឆ្មាបានរស់នៅបាននាំឆ្មាប្រគល់ជូនម្ចាស់វិញ ហើយថែមទាំងប្រាប់ថា ឃើញឆ្មា «ណងម៉ុន្នី» ដោយឆ្មាបានដើរត្រឡប់មកកាន់បុរីវិញដោយខ្លួនឯង។
យ៉ាងណាមិញ ក្រោយពីបានរកឃើញឆ្មាជាទីស្រឡាញ់រួច ក៏មិនភ្លេចពាក្យសន្យា ដោយនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ម្ចាស់ឆ្មាបានប្រគល់រង្វាន់លើកទឹកចិត្តចំពោះសន្តិសុខបុរីដែលមានឈ្មោះថា នាយពិយ៉ាក់ ចំនួន ជិត១មុឺនដុល្លារ។ ចំណែកលោក ពិយ៉ាក់ដែលជាសន្តិសុខបុរី បានផុសសារលើបណ្តាញហ្វេសប៊ុកថា «អរគុណគុណម្តាយដែលផ្តល់អោយកូន ក្នុងនោះលោកបានបញ្ជាក់ប្រាប់ថា ម្តាយរបស់លោកមានឈ្មោះពិតថា ម៉ុន្នី ចំណែកឆ្មាដែលបានបាត់ទៅក៏មានឈ្មោះម៉ុន្នីផងដែរ»។ ដោយកុសលផលបុណ្យដែលលោកបានទទួលក៏ដោយសារតែលោកបានទៅធ្វើបុណ្យរួចសុំពរជ័យពីឪពុកម្តាយ ទើបកុសលផលបុណ្យនោះបកត្រឡប់មករកគាត់វិញ ចុងក្រោយសន្តិសុខរូបនេះបានពោលថា៖ «ធ្វើល្អពិតជាបានល្អមែនបងប្អូនជឿចុះ»ហើយរូបលោកនឹងយកថវិការមួយចំនួនទៅធ្វើបុណ្យផងដែរ៕



អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






