អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងអះអាងពីជ័យជំនះរបស់ខ្លួន នៅឯទីក្រុងកំពង់ផែ Mariupol

BY
autoadmin
April 22, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងអះអាងជ័យជំនះរបស់ខ្លួន នៅទីក្រុងកំពង់ផែ Mariupol ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទីក្រុងនោះត្រូវបានរំដោះរួចរាល់ហើយ។ ប៉ុន្តែ​ជាក់ស្ដែង គឺទាហាន​អ៊ុយក្រែន​កំពុង​វាយ​បក​វិញ ខណៈ​ជន​ស៊ីវិល​ជាង ​១០​០,០០០ ​នាក់ ​នៅ​ជាប់​គាំង​ក្នុង​ទីក្រុងនៅឡើយ។ លោក ពូទីន បាននិយាយថា យោធានឹងមិនវាយលុកទីតាំងរឹងមាំចុងក្រោយរបស់អ៊ុយក្រែន ដែលនៅម្ដុំរោងចក្រដែកនោះទេ។ ប៉ុន្តែខ្លួនបានរារាំងពួកគេនៅទីនោះ ដែលសូម្បីតែសត្វរុយក៏មិនអាចហើរចេញបានដែរ។

ជម្រាបដែរថា ទីតាំងរោងចក្រដែកមួយនោះ មាន​ទាហាន​អ៊ុយក្រែន​ជាង ២ ពាន់​នាក់ ​កំពុង​ឈរ​ជើងយ៉ាងស្វិតស្វាញ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ កងកម្លាំង​រុស្ស៊ី​ក៏កំពុង​ទាមទារ​ឱ្យ​ភាគីអ៊ុយក្រែនដាក់​អាវុធ និងព្រម​ចុះចាញ់ ប៉ុន្តែ​ប្រជាជន​អ៊ុយក្រែន​មិន​បានបង្ហាញ​សញ្ញា​នៃ​ការ​ដកថយនោះ​ឡើយ។

សង្រ្គាមនៅតែបន្ដ ហើយអភិបាលក្រុង Mariupol បានអំពាវនាវឱ្យមានការជម្លៀសភ្លាមៗ និងពេញលេញ សម្រាប់ជនស៊ីវិលចំនួន ១២០,០០០ នាក់ ដែលជាប់គាំងនៅក្នុងទីក្រុង។ លោក Vadym Boichenko បាននិយាយថា៖«វាជារឿងសំខាន់ដែលត្រូវយល់ សម្រាប់ប្រជាជនដែលនៅទីនោះ ជីវិតរបស់ពួកគេគឺនៅក្នុងដៃរបស់មនុស្សតែម្នាក់ – Vladimir Putin»។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏កំពុងអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែមទៀត និងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងម៉ូស្គូ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: