អន្តរជាតិ

ប្រទេសរុស្ស៊ី​ប្រកាសដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក និង​កាណាដាជាច្រើននាក់ មិនឱ្យជាន់ទឹកដីរបស់ខ្លួនដោយគ្មានកាលកំណត់

BY
autoadmin
April 22, 2022

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ បានប្រកាសនឹងហាមប្រាមការចូលបន្ថែមទៀត ចំពោះមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលរួមមានអនុប្រធានាធិបតី Kamala Harris, មន្ត្រីអាមេរិកចំនួន ២៨ នាក់, បូករួមទាំងអ្នកជំនួញ និងអ្នកកាសែតផ្សេងទៀត។ បញ្ជីទណ្ឌកម្មដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី ក៏មានឈ្មោះស្ថាបនិក Facebook លោក Mark Zuckerberg, អនុរដ្ឋមន្ត្រីការពារជាតិ Kathleen Hicks និងអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលទាំងនេះ ត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហព័ន្ធរុស្ស៊ីដោយគ្មានកាលកំណត់»។

នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ទណ្ឌកម្មលើមន្ត្រីកាណាដា អ្នកកាសែត និងអ្នកជំនាញយោធាចំនួន ៦១ នាក់ផងដែរ សម្រាប់ការគាំទ្រនូវអ្វីដែលខ្លួនហៅថាជំហរ «ប្រឆាំងរុស្ស៊ី» របស់រដ្ឋបាលកាណាដា។ ក្រសួងបាននិយាយថា បុគ្គលទាំង ៦១នាក់ រួមទាំងមេបញ្ជាការកងកម្លាំងប្រតិបត្តិការពិសេស ឧត្តមសេនីយ៍ទោ Steve Boivin, ទេសាភិបាលធនាគារកណ្តាល Tiff Macklem ព្រមទាំងលោក John Tory និងលោក Jim Watson ដែលជាអភិបាលក្រុង Toronto និង Ottawa ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ីដោយគ្មានកាលកំណត់ដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: