រុស្ស៊ីទើបតែទទួលស្គាល់ជាលើកដំបូង ថាមានការបាត់បង់មនុស្ស និងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យឆេះនាវាចម្បាំង Moskva
- BY
- autoadmin
- April 23, 2022
ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ជាលើកដំបូងថា មានមនុស្សស្លាប់ និងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យកាលពីសប្តាហ៍មុន លើនាវាចម្បាំងមីស៊ីល Moskva របស់ខ្លួន។ រំលឹកដែរថា នាវាចម្បាំងរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែមេសា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អគ្គីភ័យដែលបានឆាបឆេះនៅលើកនាវា កាលពីថ្ងៃទី១៣ ខែមេសា បានបង្កឱ្យមានការផ្ទុះគ្រាប់រំសេវ ហើយនាវិករបស់នាវាក៏បានព្យាយាមពន្លត់ភ្លើង ប៉ុន្តែមិនបានសម្រេចនោះឡើយ។

ខ្លួនបាននិយាយថា ក្នុងចំណោមនាវិករបស់នាវា Moskva មានទាហានម្នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៣៩៦ នាក់ដែលនៅសល់ ត្រូវបានជម្លៀស ហើយត្រឡប់ទៅទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀ។ ក្រសួងក៏បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយចាំបាច់ដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងបាត់ខ្លួន។
មុននេះ ក្រសួងបាននិយាយថា នាវិកទាំងអស់ត្រូវបានជម្លៀសចេញ មុនពេលនាវាលិច។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅអឺរ៉ុប និងរុស្ស៊ីបានរាយការណ៍ថា សមាជិកនាវិករាប់សិបនាក់បានស្លាប់។ ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនជាគឺអ្នកវាយប្រហារលើនាវានោះ ជាមួយនឹងកាំជ្រួចប្រឆាំងនាវា Neptune ។ ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ពីការអះអាងរបស់អ៊ុយក្រែន ប៉ុន្តែក្រសួងរុស្ស៊ីមិនបាននិយាយថា តើនាវានោះត្រូវបានអ៊ុយក្រែនវាយប្រហារ ឬអត់ទេ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






