អន្តរជាតិ

ទីក្រុងសៀងហៃបានដំឡើងរបាំងដែក និងរបងខ្ពស់ៗ នៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីមិនឱ្យពួកគេចេញមកក្រៅ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

BY
autoadmin
April 25, 2022

អាជ្ញាធរនៅទីក្រុងសៀងហៃបានដំឡើងរបាំងដែក និងរបងខ្ពស់ៗ នៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់ពួកគេមិនឱ្យចេញទៅក្រៅ នៅក្នុងវិធានការក្ដៅចុងក្រោយបំផុតរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ការផ្លាស់ប្តូរនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលពលរដ្ឋទាំង ២៦ លាននាក់របស់ទីក្រុងនេះ កំពុងមិនសប្បាយចិត្តរួចទៅហើយ ជាមួយនឹងវិធាការបិទខ្ទប់ និងមិនមានកាលកំណត់ ដែលបានដាក់ចេញនៅប៉ុន្មានអាទិត្យចុងក្រោយនេះ។ អ្នកខ្លះបានបញ្ចេញមតិថា៖«តិចទៀតពួកគេ ប្រហែលជាត្រូវដុតពួកយើងនៅក្នុងផ្ទះរបស់ពួកយើងតែម្ដង»។ អ្នកខ្លះទៀតនិយាយថា ពួកគេមិនអាចចេញទៅណាបានទេ ហើយពួកគេអស់សង្ឃឹមជាខ្លាំង ក៏ព្រោះការបិទខ្ទប់គ្មានកាលកំណត់ជាក់លាក់។

អាជ្ញាធរបានដាក់ដំឡើងរបង ឬរនាំង ភាគច្រើននៅក្នុងតំបន់បិទខ្ទប់ ដែលមានអ្នកជំងឺ COVID-19 យ៉ាងហោចណាស់ ១ នាក់ ហើយពួកគេមិនបានជូនដំណឹងជាមុន ហើយក៏មិនប្រាប់ថា នឹងដកចេញវិញនៅពេលណានោះដែរ។ វាបានធ្វើឱ្យពលរដ្ឋកាន់តែមិនសប្បាយចិត្ត និងអស់សង្ឃឹម ប៉ុន្តែទោះបីជាមានភាពចម្រូងចម្រាសបែបនេះក៏ដោយ អាជ្ញាធរក៏មិនចាប់អារម្មណ៍នោះដែរ ព្រោះពួកគេត្រូវការអនុវត្តគោលការណ៍ «zero-COVID» ដើម្បីឱ្យទីក្រុងនេះឆាប់យកឈ្នះនឹងជំងឺ COVID-19 ។

រំលឹកដែរថា ទីក្រុងសៀងហៃបានស្ថិតនៅក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹង ចាប់តាំងពីចុងខែមីនា ចំពេលមានការកើនឡើងនៃករណី COVID-19 ជាពិសេសគឺវ៉ារ្យ៉ង់អូមីក្រុង។ កំហឹងសាធារណៈនៅតែបន្តកើនឡើង ដោយសារការដោះស្រាយរបស់អាជ្ញាធរចំពោះស្ថានភាពនេះ ដោយមនុស្សទូទាំងទីក្រុងបានអះអាងថា ពួកគេអស់អាហារ និងគ្មានអត់ធ្មត់តទៀតឡើយ។ កាលពីថ្ងៃអាទិត្យ ទីក្រុងបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៦,៩៨៣ ករណី ដែលមានរោគសញ្ញា និង ២,៤៧២ ករណី ដែលគ្មានរោគសញ្ញា នេះបើយោងតាមគណៈកម្មការសុខភាពក្រុងសៀងហៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Insider

Share This Post: