អន្តរជាតិ

ប្រទេសហ្វាំងឡង់ និងស៊ុយអែត នឹងចាប់ផ្ដើមសរសេរពាក្យចូលជាសមាជិកអង្គការណាតូក្នុងខែឧសភា

BY
autoadmin
April 26, 2022

យោងតាមកាសែត Iltalehti នៅក្នុងប្រទេសហ្វាំងឡង់ និង Expressen ក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា ហ្វាំងឡង់ និងស៊ុយអែត នឹងរួមគ្នាបង្ហាញពីបំណងចង់ចូលរួមជាមួយអង្គការណាតូ នៅក្នុងខែឧសភា។ ទោះបីជាមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តយោធា ចាប់តាំងពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀ ក្នុងឆ្នាំ២០១៤ ក៏ដោយ ក៏ប្រទេសក្នុងតំបន់ Nordic ទាំង ២ បានជ្រើសរើសមិនលូកដៃអ្វីឡើយ។ ប៉ុន្តែដោយសារការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក្រោមឈ្មោះថា «ប្រតិបត្តិការពិសេស» បានបង្ខំឱ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ ពិនិត្យមើលឡើងវិញថា តើលក្ខណៈយោធាមិនចូលបក្សសម្ព័ន្ធរបស់ពួកគេ នៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាសន្តិសុខជាតិ ឬយ៉ាងណា។

យោងតាមកាសែត Iltalehti បានឱ្យដឹងថា មេដឹកនាំនៃប្រទេសហ្វាំងឡង់ និងស៊ុយអែត គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ ថ្ងៃទី១៦ ខែឧសភា ហើយបន្ទាប់ពីនោះ ពួកគេនឹងប្រកាសជាសាធារណៈអំពីផែនការ ក្នុងការដាក់ពាក្យចូលរួមសម្ព័ន្ធភាព។ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែបានលើកឡើងម្តងទៀតនូវទស្សនៈដ៏យូរមកហើយរបស់គាត់ដែលថា គាត់ចង់ឱ្យហ្វាំងឡង់ និងស៊ុយអែត ធ្វើការសម្រេចចិត្តស្រដៀងគ្នា។

កាសែត Aftonbladet ប្រចាំថ្ងៃរបស់ស៊ុយអែត ក៏បានរាយការណ៍ដាច់ដោយឡែក ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងការិយាល័យរដ្ឋាភិបាលស៊ុយអែតថា សហរដ្ឋអាមេរិក និងអង់គ្លេសបានសន្យាថា៖ «ស៊ុយអែតអាចបង្កើនវត្តមានយោធា សមយុទ្ធយោធាកាន់តែស៊ីជម្រៅ និងការគាំទ្រផ្នែកនយោបាយដ៏រឹងមាំពីបណ្តាប្រទេសណាតូ» ក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំចូលជាសមាជិកណាតូ។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសស៊ុយអែតបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Expressen និង Aftonbladet នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: