អន្តរជាតិ

រដ្ឋាភិបាលអង់គ្លេសបានសម្រេច​នឹង​កាត់​ពន្ធ​ទំនិញមកពីអ៊ុយក្រែន​ត្រឹម​សូន្យ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​ប្រទេសអ៊ុយក្រែនឡើងវិញ

BY
autoadmin
April 26, 2022

រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទបានប្រកាសថា ពន្ធគយលើទំនិញដែលចូលមកអង់គ្លេសពីអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ នឹងត្រូវកាត់ចេញទាំងអស់ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន។ ទីក្រុងឡុងដ៍បាននិយាយថា ពន្ធគយនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ត្រូវបានដកចេញ បន្ទាប់ពីមានការស្នើសុំដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដោយគាត់បាននិយាយថា ការផ្លាស់ប្តូរនេះនឹងផ្តល់ការជំរុញដល់អាជីវកម្មអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការនាំចេញសំខាន់ៗដូចជា៖ ស្រូវបាឡេ, ទឹកឃ្មុំ, ប៉េងប៉ោះកំប៉ុង និងផលិតផលបសុបក្សី។

លេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne-Marie Trevelyan បាននិយាយថា៖«យើងឈរដោយមិនងាករេជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធដែលកំពុងបន្ត ហើយនឹងធ្វើការដើម្បីធានាឱ្យអ៊ុយក្រែនរស់រានមានជីវិត និងរីកចម្រើនជាប្រទេសសេរី និងអធិបតេយ្យភាព»។ លើសពីនេះ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនក៏នឹងដាក់បម្រាមការនាំចេញបន្ថែមទៀតលើផលិតផលទៅកាន់ប្រទេសរុស្ស៊ី រួមទាំងសាច់ប្រាក់ ទំនិញតាមសមុទ្រ និងបច្ចេកវិទ្យា និងទំនិញទាក់ទងនឹងថាមពល។ កាល​ពី​សប្តាហ៍​មុន អង់គ្លេសក៏​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ទំនិញ​ប្រណិត​រួម​មាន​៖ ពងត្រី caviar, ប្រាក់ និង​ពេជ្រ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: