ចៅក្រមនៅទីក្រុងញូវយ៉កបានបង្គាប់ឱ្យលោក ដូណាល់ ត្រាំ បង់ប្រាក់ពិន័យចំនួន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ រហូតទាល់តែគាត់បំពេញតាមលក្ខខណ្ឌនៅក្នុងការស៊ើបអង្កេត
- BY
- autoadmin
- April 26, 2022
ចៅក្រមនៅទីក្រុងញូវយ៉ក បានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីបទមើលងាយតុលាការ និងពិន័យជាប្រាក់ចំនួន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ រហូតទាល់តែលោក ត្រាំ ធ្វើតាមដំណើរការនៃការស៊ើបអង្កេត។ ចៅក្រមបានសម្រេចកាលពីថ្ងៃច័ន្ទថា លោក ត្រាំ បានបរាជ័យក្នុងការបញ្ជូនឯកសារដែលតុលាការបានកោះហៅ នៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីរបស់អគ្គមេធាវី ទាក់ទងទៅនឹងអាជីវកម្មរបស់គាត់។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនឯកសារ គឺតាំងតែពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ ហើយចៅក្រមបានបញ្ជាឱ្យគាត់បង់ប្រាក់ពិន័យ រហូតដល់លក្ខខណ្ឌនៃដីកាកោះត្រូវបានបំពេញ។

ការស៊ើបអង្កេតស៊ីវិលមួយនោះ គឺផ្តោតលើអង្គភាព Trump Organization ដែលជាក្រុមហ៊ុនគ្រួសារត្រាំ ខណៈអគ្គមេធាវីក្រុងញូវយ៉កលោកស្រី Letitia James បានអះអាងថា ក្រុមហ៊ុនរបស់លោក ត្រាំ បានធ្វើប្រតិបត្តិការក្លែងបន្លំ។ លោកស្រីក៏បានស្នើឱ្យលោក ត្រាំ ចូលខ្លួនផ្តល់សក្ខីកម្មនៅក្នុងតុលាការផងដែរ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត។
លោកស្រី Letitia James បានបន្តថា ការសម្រេចរបស់តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណានៅពីលើច្បាប់នោះទេ។ ចំណែកមេធាវីរបស់លោក ដូណាល់ ត្រាំ បាននិយាយថា ឯកសារទាំងអស់ដែលឆ្លើយតបទៅនឹងដីកាកោះនេះ ត្រូវបានចងក្រងឡើងជាច្រើនខែមកហើយ។ មេធាវីរបស់លោក ត្រាំ បានហៅចំណាត់ការនេះថា មិនសមរម្យ និងបំភ័ន្ត ហើយបាននិយាយថា សាលក្រមនេះនឹងត្រូវប្តឹងបន្ដទៅឧទ្ធរណ៍៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






