អន្តរជាតិ

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ

BY
autoadmin
April 27, 2022

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកស្រីមានពិរុទ្ធនៅក្នុងសំណុំរឿងពុករលួយចំនួន ១១ករណី នេះបើយោងតាមប្រភពដែលដឹងពីដំណើរការនីតិវិធីនេះ។ អតីតម្ចាស់ពានរង្វាន់ណូបែល ដែលបានដឹកនាំប្រទេសមីយ៉ាន់ម៉ាអស់រយៈពេល ៥ឆ្នាំ មុនពេលត្រូវបានទម្លាក់ដោយរដ្ឋប្រហារ កាលពីដើមឆ្នាំ២០២១ បានរងការចោទប្រកាន់យ៉ាងតិចណាស់ ១៨ ករណី ដែលទាំងអស់នោះ អាចនាំឱ្យលោកស្រីជាប់ពន្ធនាគារអតិបរមាជិត ១៩០ឆ្នាំ ប្រសិនបើករណីទាំងនោះត្រូវបានរកឃើញថាមានពិរុទ្ធភាព។

ចំពោះការកាត់ទោសនេះផងដែរ ចៅក្រមក្នុងរដ្ឋធានីណៃពីដោបានប្រកាសសាលក្រមភ្លាមៗ ក្នុងកំឡុងពេលនៃការកោះប្រជុំរបស់តុលាការ។

លោកស្រី អ៊ុងសាន ស៊ូជី ដែលអាយុ ៧៦ឆ្នាំ ត្រូវបានជាប់ទោសពីបទទទួលយកមាសចំនួន ១១.៤ គីឡូក្រាម និងការទូទាត់ជាសាច់ប្រាក់សរុបចំនួន ៦០០,០០០ ដុល្លារអាមេរិក ពីអតីតនាយករដ្ឋមន្ត្រីទីក្រុង Yangon គឺលោក Phyo Min Thein ។ ប៉ុន្តែលោកស្រី អ៊ុងសាន ស៊ូជី បានបដិសេធការចោទប្រកាន់នេះ ហើយបានហៅការចោទប្រកាន់នេះថា មិនសមហេតុផល។ យ៉ាងណាក៏ដោយ ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា តើលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវផ្ទេរទៅពន្ធនាគារ ឬយ៉ាងណានោះទេ។ សហគមន៍​អន្តរជាតិ​បាន​ច្រានចោល​ការ​កាត់​ទោស​នេះ​ថា ​ជា​រឿង​ហួស​ហេតុ ហើយ​បាន​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​ជា​បន្ទាន់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: