ចិនផ្តល់ប្រាក់រង្វាន់ជិត៩ម៉ឺនដុល្លារសម្រាប់អ្នក ដែលហ៊ានរាយការណ៍ករណីចែកចាយវីដេអូអាសអាភាសជូនអាជ្ញាធរ
ចិន៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច Nextshark បានឲ្យដឹងថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលចិនបានធ្វើការរឹតបណ្ដឹងការចែកចាយវីដេអូអាសអាភាសក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ដោយរដ្ឋាភិបាលបានដំឡើងប្រាក់រង្វាន់ទ្វេដងសម្រាប់អ្នក ដែលបានរាយការណ៍អំពី ករណីចែកចាយវីដេអូអាសអាភាសនេះទៅកាន់អាជ្ញាធរ។ បើយោងតាមរដ្ឋបាលតាមប្រព័ន្ធអ៊ីនធឺណិតនៃប្រទេសចិនបានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះមានគណនីបណ្តាញសង្គមជិត ១ ម៉ឺនគណនី កំពុងតែធ្វើការការចែកចាយវីដេអូអាសអាភាសយ៉ាងសកម្មក្នុងបណ្តាញសង្គមចិន ដូចនេះហើយទើបអាជ្ញាធរត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ការចែកចាយនេះ។
ដើម្បីលើកទឹកចិត្តឲ្យប្រជាជនខ្លួនមានភាពក្លាហានរាយការណ៍ពីករណីខាងលើនេះ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នក ដែលអាចរាយការណ៍ជូនប៉ូលិសពី ៣០០,០០០ យន់ (៤៣ ២៥០ ដុល្លារអាមេរិក) រហូតដល់ ៦០០,០០០ យន់ (៨៦ ៥០០ ដុល្លារអាមេរិក)។ សូមបញ្ជាក់ថា នៅក្នុងប្រទេសចិនមានច្បាប់គ្រង់គ្រងលើការប្រើប្រាស់បណ្តាញសង្គមជាខ្លាំង ជាពិសេសការចែកចាយព័ត៌មានផ្សេងៗ ដែលនាំឲ្យមានបញ្ហាដល់សង្គម ដោយបទល្មើសប្រភេទនេះអាចនឹងត្រូវផ្តន្ទាទោសឲ្យ ជាប់គុករហូតដល់ ១០ ឆ្នាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark