ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាន​ព្រមាន​មេដឹកនាំ​បរទេស មិនឱ្យលូកដៃ​ចូលទៅ​ក្នុងបញ្ហានៅអ៊ុយក្រែននោះទេ

    BY autoadmin April 28, 2022
    ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាន​ព្រមាន​មេដឹកនាំ​បរទេស មិនឱ្យលូកដៃ​ចូលទៅ​ក្នុងបញ្ហានៅអ៊ុយក្រែននោះទេ

    ប្រធានាធិបតី​រុស្ស៊ី​បាន​ព្រមាន​មេដឹកនាំ​បរទេស​ម្តង​ហើយ​ម្តងទៀត ​ពី​ការ​លូកដៃ​ចូលទៅ​ក្នុងបញ្ហានៅអ៊ុយក្រែន។ ឥឡូវនេះ លោក វ្ល៉ាឌីមៀ ពូទីន បានចេញការគំរាមកំហែងខ្លាំងជាងមុន ដោយបាននិយាយថា ប្រទេស​ណា​ដែល​ធ្វើ​អន្តរាគមន៍​នៅអ៊ុយក្រែន នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ការ​ឆ្លើយ​តប​ខាង​យោធា «លឿន​ដូច​រន្ទះ»។ លោក ពូទីន បានប្រាប់សមាជិកសភារុស្ស៊ីកាលពីថ្ងៃពុធថា ការសម្រេចចិត្តទាំងអស់អំពីព័ត៌មានលម្អិតនៃការសងសឹក ត្រូវបានធ្វើឡើងរួចហើយ។ គាត់​បាន​និយាយ​ថា ពួកគេ​មាន​ឧបករណ៍​ទាំងអស់​សម្រាប់​សង្គ្រាម អ្វីៗ​ដែល​អ្នក​ដទៃ​មិន​អាច​អួត​បាន លោក​ថា​គេ​មិន​អួត​ទេ ហើយ​ថា​នឹង​ប្រើ​បើ​ចាំបាច់។

    លោក ពូទីន បានបន្ថែមថា ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច មិនបានធ្វើឱ្យខូចសេដ្ឋកិច្ចប្រទេសរុស្ស៊ីនោះទេ។ គាត់ក៏បានសន្យាថា គោលដៅយោធានៃការលុកលុយនឹងទទួលបានជោគជ័យ «ដោយគ្មានលក្ខខណ្ឌ»។ ជម្រាបជូនដែរថា កងកម្លាំងរុស្ស៊ីបន្តវាយលុកគោលដៅនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ខណៈមន្ត្រីការពារជាតិបាននិយាយថា ពួកគេបានបំផ្លាញប៉ុស្តិ៍បញ្ជាការអ៊ុយក្រែន ប្រព័ន្ធប្រឆាំងយន្តហោះ និងឧបករណ៍ផ្សេងទៀត។ រុស្ស៊ីក៏និយាយផងដែរថា កងកម្លាំងរបស់ពួកគេបានកាន់កាប់តំបន់ Kherson ទាំងមូលនៅភាគខាងត្បូង។ ចំណែកវិមានក្រឹមឡាំងបាននិយាយថា សកម្មភាពរបស់ប្រទេសរុស្ស៊ី បានជះឥទ្ធិពលដោយសារប្រទេស «អមិត្ត» លោកខាងលិច៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: