អន្តរជាតិ

ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដ៏ធំ​បំផុត​របស់​ពិភពលោកមួយគ្រាប់ ត្រូវបានគេដាក់លក់នៅក្នុង​តម្លៃ ៥៧.៥ លាន​ដុល្លារអាមេរិក

BY
autoadmin
April 28, 2022

ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដ៏ធំ​បំផុត​របស់​ពិភពលោក​មួយគ្រាប់ ឈ្មោះថា «The De Beers Cullinan Blue» ត្រូវបានដាក់​លក់ក្នុង​តម្លៃ ៥៧.៥ លាន​ដុល្លារ បន្ទាប់ពីការដាក់ដេញថ្លៃរួច នេះបើតាមការចុះផ្សាយរបស់ CNN ។ វាគឺជាត្បូងពេជ្រដ៏ធំ ដែលមានទំហំ ១៥.១០ ការ៉ាត់ និងត្រូវបានលក់នៅឯក្រុមហ៊ុនដេញថ្លៃ Sotheby’s ក្នុងទីក្រុងហុងកុង បន្ទាប់ពីសង្រ្គាមនៃការដេញថ្លៃរយៈពេល ៨នាទី ក្នុងចំណោមអ្នកទិញធំៗចំនួន ៤នាក់។ តម្លៃខ្ពស់ចុងក្រោយរបស់វាបានហក់ឡើង ៤៨ លានដុល្លារ ហើយក្រោយមកទៀត ក៏ត្រូវបានគេដេញថ្លៃរហូតដល់ ៥៧.៥ លាន​ដុល្លារ ពីអ្នកទិញអនាមិកម្នាក់។

ពេជ្រដ៏កម្រត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ Cullinan របស់អាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០២១ ហើយវាបានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត ជាពេជ្រពណ៌ខៀវដ៏ល្អបំផុត។ យោងតាមសេចក្តីថ្លែងការណ៍របស់ Sotheby’s បាននិយាយថា វិទ្យាស្ថាន Gemological Institute of America (GIA) បានចាត់ថ្នាក់ត្បូង​ពេជ្រ​ពណ៌​ខៀវ​នោះថាជា ពេជ្រមាន «ពណ៌ខៀវរស់រវើក» ខណៈដែលកន្លងមកមានតែ ១% នៃត្បូង​ពេជ្រ​ពណ៌ខៀវដែលបញ្ជូនមកអង្គការប៉ុណ្ណោះ ដែលត្រូវបានគេផ្ដល់ការវាយតម្លៃខ្ពស់។

សេចក្តីថ្លែងការណ៍របស់ Sotheby បានបន្ថែមថា គិតមកទល់ពេលនេះ មានតែត្បូងពេជ្រចំនួន ៥ គ្រាប់ប៉ុណ្ណោះ ដែលមានទំហំលើសពី ១០ ការ៉ាត់ ហើយធ្លាប់បានបង្ហាញខ្លួននៅក្នុងការដេញថ្លៃ។ គ្មានមួយណាធំជាង ១៥ ការ៉ាត់នោះទេ ដែលធ្វើឱ្យត្បូងពេជ្រពណ៌ខៀវមួយគ្រាប់នេះ កាន់តែមានតម្លៃ និងកម្រជាងគេ៕

អត្ថបទ៖​ លីដា
ប្រភព៖ CNN

Share This Post: