យ៉ាងហោចណាស់មីស៊ីលរុស្ស៊ីចំនួន ២គ្រាប់ បានវាយប្រហារលើទីក្រុងកៀវសារជាថ្មី កំឡុងពេលប្រធានអង្គការសហប្រជាជាតិ Antonio Guterres កំពុងបំពេញទស្សនកិច្ចនៅទីនោះ
- BY
- autoadmin
- April 29, 2022
ពលរដ្ឋនៅក្នុងរដ្ឋធានីកៀវបានរស់នៅដោយស្ងប់ស្ងាត់ ដោយគ្មានការវាយប្រហារពីកងកម្លាំងរុស្ស៊ី អស់រយៈពេលប្រហែលជា ២ សប្ដាហ៍មកហើយ ប៉ុន្តែស្ថានការណ៍បានផ្លាសប្ដូរវិញនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ដ្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយមីស៊ីលយ៉ាងហោចណាស់ ២គ្រាប់ ទៅលើអគារកម្ពស់ ២៥ជាន់ នៅក្នុងសង្កាត់ Shevchenko របស់រដ្ឋធានីកៀវ ដែលបណ្តាលឱ្យមនុស្ស ១០នាក់ ត្រូវរងរបួស នៅចំពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កំពុងបំពេញទស្សនកិច្ចដើម្បីលើកកម្ពស់សន្តិភាពនៅទីនោះ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារនេះបង្ហាញពីអាកប្បកិរិយាពិតរបស់រុស្ស៊ី ពួកគេមិនបញ្ចប់ត្រឹមនេះឡើយ ហើយពួកយើងក៏មិនអាចគិតថាវានឹងចប់នោះដែរ។ យ៉ាងណាក៏ដោយ លោក Guterres និងក្រុមរបស់គាត់ នៅមានសុវត្ថិភាពនៅឡើយទេ។
ជម្រាបដែរថា លោក Guterres កំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងកៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Zelenskyy ។ ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់។ លោកប្រធាន Guterres និងលោក Zelenskyy បានពិភាក្សាគ្នាអំពីផែនការរៀបចំច្រករបៀងមនុស្សធម៌ សម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងទីក្រុង Mariupol ភាគខាងត្បូង រួមទាំងអ្នកជំរកនៅក្នុងរោងចក្រដែក។ មុននេះ លោក Guterres ក៏បានជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសរុស្ស៊ីផងដែរ ដើម្បីធានាផ្លូវសុវត្ថិភាពសម្រាប់ពលរដ្ឋនៅ Mariupol ពីភាគីរុស្ស៊ី។
ពេលមកដល់អ៊ុយក្រែន លោក Guterres ក៏បានឆ្លៀតទៅទស្សនាទីក្រុង Bucha និង Borodyanka ក្បែរនោះ ដែលជាកន្លែងដែលសាកសពរាប់រយត្រូវបានរកឃើញ បន្ទាប់ពីទាហានរុស្ស៊ីបានដកខ្លួនចេញ។ អ្នកស្លាប់ជាច្រើននាក់ គឺជាពលរដ្ឋគ្មានអាវុធក្នុងដៃ ហើយលោក Guterres បានជំរុញមេដឹកនាំរុស្ស៊ី គួរសហការជាមួយអ្នកស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕


អត្ថបទ៖ លីដា
ប្រភព៖ ABC
- Share This Post:






