ថៃ៖ ចោរថ្លើមធំហ៊ានបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិអស់ ២ផ្ទះគ្មានខ្លាចអ្វីបន្តិចសោះ
- BY
- autoadmin
- April 30, 2022
ថៃ៖ កាលពីថ្ងៃទី ២៩ មេសា សមត្ថកិច្ចនៃបុស្តិ៍ខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានទទួលពាក្យបណ្តឹងពីស្ត្រីអាយុ ៥៣ឆ្នាំម្នាក់ ពីករណី «ចោរគាស់ផ្ទះ២ខ្នង កើបទ្រព្យសម្បត្តិខ្ទង់មុឺនដុល្លាទៅជាមួយ» រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ខាងលើបានកើតឡើងខណៈពេលដែលម្ចាស់ផ្ទះចេញទៅចូលរួមពិធីបុណ្យសពនៅពេលរសៀល។ ចំណែកកូនប្រសារប្រុស និងកូនស្រីបង្កើតក៏មិនបាននៅផ្ទះមួយខ្នងទៀតដែរ រហូតកូនប្រសារប្រុសត្រឡប់មកផ្ទះវិញស្រាប់តែប្រទះឃើញទ្វារបន្ទប់គេងបានបើក ជាមួយនឹងរបស់របរនៅក្នុងបន្ទប់ត្រូវបានរើខ្ចាត់ខ្ចាយ ចំណែកបង្អួចបន្ទប់ត្រូវបានគាស់ផងដែរ។

លុះក្រោយមកម្តាយក្មេកក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គាត់ដែលនៅមួយខ្នងទៀតក៏ស្រាប់តែប្រទះឃើញថា ទ្វារផ្ទះត្រូវបានគាស់ ហើយចោរបានលួចរូបសំណាកព្រះពុទ្ធដែលបានសន្សំជាច្រើនអង្គ ទៅជាមួយនឹងលុយសុទ្ធផងដែរ។ បុគ្គលិកដឹកជញ្ជូនទំនិញក៏បានប្រាប់ផងដែរថា«បានឃើញបុរសពាក់មួកពណ៌ក្រហម ពាក់អាវយឺតពណ៌ខ្មៅ ជាមួយនឹងខោក្រឡាជើងខ្លីនៅក្នុងផ្ទះ» រូបលោកស្មានតែជាម្ចាស់ផ្ទះក៏បានធ្វើតាមបញ្ជារួចក៏ត្រឡប់ចេញទៅ។ ជាមួយគ្នានេះដែរសមត្ថកិច្ចជឿថា ជនល្មើសអាចជាអ្នកដែលនៅក្នុងភូមិដែលអាចដឹងអំពីពេលវេលាដែលម្ចាស់ផ្ទះមិននៅ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






