អន្តរជាតិ

ផ្អើលពេញអាកាសយានដ្ឋានអ៉ីស្រាអ៊ែល នៅពេលអ្នកដំណើរអាមេរិកមួយគ្រួសារ ព្យាយាមយកគ្រាប់មិនទាន់ផ្ទុះដាក់តាមខ្លួន (មានវីដេអូ)

BY
autoadmin
April 30, 2022

គ្រួសារជនជាតិអាមេរិកមួយ បានបង្កឱ្យមានភាពរង្គោះរង្គើនៅឯអាកាសយានដ្ឋាន Ben Gurion របស់អ៉ីស្រាអែល ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍  ទី២៨ ខែមេសា កន្លងទៅ នៅពេលដែលពួកគេព្យាយាមយកគ្រាប់មិនទាន់ផ្ទុះដាក់តាមខ្លួនទៅស្រុកកំណើតវិញ តាមរយៈសន្តិសុខអាកាសយានដ្ឋាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកទេសចរ​មួយគ្រួសារនោះ បាន​រក​ឃើញ​សំបក​គ្រាប់មិនទាន់ផ្ទុះ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​ Golan Heights នេះបើតាមការរាយការណ៍របស់អាជ្ញាធរ​ អាកាសយានដ្ឋាន​អ៉ីស្រាអែល​។

អ៉ីស្រាអែលបានដណ្តើមយកតំបន់ Golan Heights ពីប្រទេសស៊ីរីក្នុងសង្រ្គាមនៅឆ្នាំ១៩៧៦ ហើយបានបញ្ចូលដីតូចចង្អៀតនោះក្នុងឆ្នាំ១៩៨១។ តំបន់នេះត្រូវបានចាត់ទុកថា ជាទឹកដីកាន់កាប់ក្រោមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ពេលមកដល់អាកាសយានដ្ឋាន អ្នកដំណើរជនជាតិអាមេរិកទាំងគ្រួសារនោះ បានប្រាប់ទៅសន្តិសុខអាកាសយានដ្ឋានថា ខ្លួនមានគ្រាប់មិនទាន់ផ្ទុះជាប់ខ្លួន នៅពេលដាក់ឥវ៉ាន់ពិនិត្យ ហើយបុគ្គលិកអាកាសយានដ្ឋានក៏បានប្រកាសឱ្យមានការជម្លៀសចេញភ្លាមៗ។ វីដេអូ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ បង្ហាញ​ពី​មនុស្ស​ភ័យ​ស្លន់ស្លោ រត់​ពីក្រោយ​សសរ និង​ដេក​ដួល​លើ​ដី។ ក្នុងនោះផងដែរ មានមនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នេះ ដោយសារភ័យស្លន់ស្លោ ស្មានថាវាជាភេវរកម្ម៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: