ប្រតិបត្តិការជម្លៀសពលរដ្ឋចេញពីរោងចក្រដែកនៅក្នុងទីក្រុង Mariupol កំពុងដំណើរការ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងកាកបាទក្រហម
- BY
- autoadmin
- May 2, 2022
ជនស៊ីវិលរាប់សិបនាក់ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ទៅកាន់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីមានការឡោមព័ទ្ធរបស់យោធារុស្ស៊ីជាច្រើនសប្តាហ៍នៅទីនោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកខ្លះអាចចាកចេញពីរោងចក្រដែក Azovstal ដែលជាទីតាំងយុទ្ធសាស្ត្រចុងក្រោយរបស់កងទ័ពអ៊ុយក្រែន នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ ភាគីរុស្ស៊ីបាននិយាយថា មានជនស៊ីវិលរាប់សិបនាក់បានមកដល់ភូមិមួយ ដែលខ្លួនជាអ្នកគ្រប់គ្រង។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយថាដែរថា ក្រុមពលរដ្ឋដ៏ធំមួយក៏កំពុងធ្វើដំណើរទៅកាន់ Zaporizhzhia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។

លោក Zelensky បានសរសេរថា៖ «ក្រុមដំបូងដែលមានគ្នាប្រហែល ១០០ នាក់ កំពុងធ្វើដំណើរទៅកាន់តំបន់ដែលយើងគ្រប់គ្រងរួចហើយ។ ថ្ងៃស្អែក [ថ្ងៃច័ន្ទ] យើងនឹងជួបពួកគេនៅ Zaporizhzhia ។ សូមថ្លែងអំណរគុណចំពោះក្រុមរបស់យើង! ឥឡូវនេះពួកគេ រួមជាមួយអង្គការសហប្រជាជាតិ កំពុងធ្វើការលើការជម្លៀសជនស៊ីវិលផ្សេងទៀតចេញពីរោងចក្រនេះ»។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា «ប្រតិបត្តិការជម្លៀសប្រកបដោយសុវត្ថិភាព» បានចាប់ផ្តើមជម្លៀសពលរដ្ឋកាលពីថ្ងៃសៅរ៍ ហើយវាក៏មានការចូលរួមជាមួយកាកបាទក្រហមផងដែរ។ UN បាននិយាយថា ក្បួនជម្លៀសបានមកដល់នៅព្រឹកថ្ងៃសៅរ៍ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលមនុស្សត្រូវបានគេយក ឬចំនួនប៉ុន្មាននាក់ដែលនៅសល់នោះទេ ដោយនិយាយថា ការចែករំលែកព័ត៌មានលម្អិតអាចប៉ះពាល់ដល់សុវត្ថិភាពនៃប្រតិបត្តិការ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






