ប្រទេសដាណឺម៉ាក និងស៊ុយអែត បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញយន្តហោះចារកម្មរុស្ស៊ី ចូលឈ្លានពានដែនអាកាសរបស់ប្រទេសទាំង២
- BY
- autoadmin
- May 2, 2022
ប្រទេសដាណឺម៉ាក និងស៊ុយអែត កំពុងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរបស់ពួកគេ បន្ទាប់ពីយន្តហោះចារកម្មរុស្ស៊ី បានរំលោភដែនអាកាសរបស់ប្រទេសទាំងពីរ។ អាជ្ញាធរនៃប្រទេសដាណឺម៉ាក និងស៊ុយអែត បានរាយការណ៍ថា យន្តហោះរបស់រុស្ស៊ីបានចូលដែនអាកាស នៅភាគខាងកើតនៃកោះ Bornholm របស់ដាណឺម៉ាក កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់មកបានចូលដែនអាកាសស៊ុយអែតបន្ដទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅដាណឺម៉ាក ត្រូវបានគេកោះហៅ ជុំវិញឧប្បត្តិហេតុយន្តហោះចារកម្ម ដែលលោកបានរិះគន់ថា «មិនអាចទទួលយកបាន»។ ចំណែកក្រសួងការបរទេសស៊ុយអែត ក៏បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនឹងត្រូវបានកោះហៅនៅទីក្រុង Stockholm ផងដែរ។ លោក Kofod និយាយថា វាជារឿងមិនអាចទទួលយកបានទាំងស្រុង និងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅក្នុងស្ថានភាពបច្ចុប្បន្ន ដោយសំដៅទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងភាពតានតឹងជាមួយណាតូ ដែលប្រទេសដាណឺម៉ាក ក៏ជាសមាជិកម្នាក់។
រំលឹកដែរថា នៅដើមខែមីនា យន្តហោះចម្បាំងរុស្ស៊ីចំនួន ៤គ្រឿង បានចូលទឹកដីស៊ុយអែតក្នុងរយៈពេលខ្លី លើសមុទ្របាល់ទិក ដែលបង្កឱ្យមានការថ្កោលទោសពីរដ្ឋមន្ត្រីការពារជាតិស៊ុយអែត។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសស៊ុយអែតបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី SU27 និង SU24 បានចូលដែនអាកាសរបស់ខ្លួនមួយរយៈខ្លី នៅភាគខាងកើតនៃកោះ Gotland ក្នុងសមុទ្របាល់ទិក ដោយបន្ថែមថា យន្តហោះចម្បាំងស៊ុយអែត JAS 39 Gripen ត្រូវបានបញ្ជូន ដើម្បីកត់ត្រាការបំពាននេះ៕

អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post:






