អន្តរជាតិ

ថៃ៖ លោកតាវ័យ ៧២ឆ្នាំ សុខចិត្តរស់នៅជាមួយភរិយាដែលបាត់បង់ជីវិតអស់ជាង ២១ឆ្នាំ ដោយមិនយកទៅបូជាឡើយ ព្រោះតែចិត្តស្រលាញ់មិនអាចទទួលយកការពិតបាន

BY
autoadmin
May 3, 2022

ថៃ៖ តាមប្រភពព័ត៌មាន Sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែមេសា បានអោយដឹងថា «លោកតាវ័យ ៧២ឆ្នាំម្នាក់ ប្រើជីវិតរស់នៅជាមួយសាកសពរបស់ភរិយាជាង ២១ឆ្នាំ» ក្រោយពីភរិយារបស់លោកតាបានស្លាប់បាត់បង់ជីវិតដោយសារតែជម្ងឺប្រចាំកាយ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងនៃទីក្រុងបាងកក។ ដោយសារក្ដីស្រលាញ់ លោកតាបាននាំយកសាកសពរបស់ភរិយាមកដាក់នៅឯផ្ទះក្រោយពីបានរៀបចំកម្មវិធីតាមសាសនារួច ដោយមិនព្រមបូជាសពភរិយាឡើយ ព្រោះតែមិនអាចធ្វើចិត្តទទួលស្គាល់ការពិតបាន ហើយចង់រស់នៅបែបនេះរហូតដល់អស់ខ្យល់ដង្ហើម។

លោកតាបានរៀបរាប់ប្រាប់ក្រុមសមត្ថកិច្ចថា លោកតាធ្លាប់ជាទាហាន ចំណែកភរិយាលោកតាធ្លាប់ធ្វើការនៅក្រសួងសុខាភិបាល ដោយអ្នកទាំងពីរបានរៀបការរួចមានកូនប្រុស ២នាក់។ ពួកគាត់ប្រើជីវិតរស់នៅក្នុងក្រុមគ្រួសារដែលមានសមាជិកសរុប ៤នាក់យ៉ាងមានសេចក្តីសុខ ប៉ុន្តែក្រោយភរិយាបានលាចាកទៅគ្រប់យ៉ាងមិនដូចដើមឡើយ ដោយសមាជិកក្នុងគ្រួសារពុំមាននរណាអាចធ្វើចិត្តទទួលយកការពិតបាន។

ជាមួយគ្នានេះក្រោយពីម្តាយស្លាប់កូនប្រុសទាំងពីរបានរៀបការបែកផ្ទះចេញរស់នៅក្រៅ ចំណែកលោកតាវិញគឺ យកសពភរិយាដែលបានរៀបចំពីធីតាមប្រពៃណី ប៉ុន្តែលោកតាពិតជាមិនអាចកាត់ចិត្តយកសពភរិយារបស់ខ្លួនទៅបូជាបានឡើយ។ ក្រោយមកលោកតាក៏បានរស់នៅជាមួយសាកសពភរិយា អស់រយៈពេល ២១ឆ្នាំ លោកតាដែលមានអាយុកាន់តែច្រើនបូករួមទាំងជម្ងឺប្រចាំកាយខ្លាចថាមិនអាចបូជាសពភរិយាបានទើបសម្រេចចិត្តរាយការណ៍សុំអោយសមត្ថកិច្ចចុះមកជួយរៀបចំកម្មវិធីបូជាសពភរិយាតាមប្រពៃណី៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: