កូរ៉េខាងត្បូងបានដកចេញនូវច្បាប់ពាក់ម៉ាស់ រាល់ពេលចេញទៅខាងក្រៅទាំងអស់
- BY
- autoadmin
- May 3, 2022
កូរ៉េខាងត្បូងបានដកច្បាប់ពាក់ម៉ាស់នៅពេលចេញក្រៅទាំងអស់ ស្របពេលករណីជំងឺ COVID-19 ថ្មីៗ បានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ចាប់ពីថ្ងៃច័ន្ទម្សិលមិញនេះ ពលរដ្ឋនឹងមិនចាំបាច់ពាក់ម៉ាស់មុខពេលចេញក្រៅទៀតទេ លើកលែងតែក្នុងស្ថានភាព ដូចជាការជួបជុំមនុស្ស ៥០នាក់ ឬច្រើនជាងនេះ។ ប្រទេសនេះបានរាយការណ៍អំពីករណីថ្មីជាង ២០,០០០ កាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃក្រោម ៣០,០០០ ករណី ជាលើកដំបូងចាប់តាំងពីដើមខែកុម្ភៈ។ ចំនួននេះបាននឹងកំពុងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែមីនា នៅពេលដែលវាបានហក់ឡើងដល់ ៦០០,០០០ ករណី។

នៅឧទ្យានមួយក្នុងរដ្ឋធានីសេអ៊ូលកាលពីថ្ងៃចន្ទ មនុស្សដែលមិនពាក់ម៉ាស់មុខត្រូវបានគេឃើញជជែកជាមួយមិត្តភ័ក្តិ និងដើរលេងលំហែកាយ ជាមួយនឹងសីតុណ្ហភាពពេលថ្ងៃកើនឡើងដល់ជិត ២០ អង្សាសេ។ សិស្សវិទ្យាល័យម្នាក់ដែលមិនបានពាក់ម៉ាស់មុខបាននិយាយថា នាងខ្លាចបន្តិចដែរ ប៉ុន្តែវាពិតជាមានអារម្មណ៍ល្អណាស់ក្នុងការស្រូបខ្យល់អាកាសបរិសុទ្ធជាលើកដំបូង ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក ដោយសារការដាក់កំហិតបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយ មានមនុស្សជាច្រើននៅតែពាក់ម៉ាសនៅខាងក្រៅ ព្រោះពួកគេនៅតែភ័យខ្លាចជំងឺ COVID-19 ឬអាចនិយាយថា ការពាក់ម៉ាស់បានក្លាយជាផ្នែកមួយនៃទម្លាប់របស់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






