ជំងឺរលាកថ្លើមដ៏ចម្លែកមួយ កំពុងឆក់យកជីវិតកុមារនៅឥណ្ឌូនេស៊ីចំនួន ៣ នាក់ គិតត្រឹមខែមេសាតែមួយ
- BY
- autoadmin
- May 3, 2022
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាននិយាយថា អ្នកជំងឺជាកុមារចំនួន ៣នាក់ បានស្លាប់ដោយសារជំងឺរលាកថ្លើមដ៏ចម្លែកមួយ កាលពីក្នុងខែមេសា ដែលធ្វើឱ្យចំនួនស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺថ្លើមដ៏អាថ៌កំបាំងនេះ មានយ៉ាងតិចណាស់ ៤នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង កាលពីថ្ងៃចន្ទ ទី០២ ខែឧសភា បានឱ្យដឹងថា កុមារទាំងនោះធ្លាប់បានសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋធានីហ្សាកាតា ហើយពួកគេមានរោគសញ្ញារួមមាន៖ ចង្អោរ ក្អួត រាកខ្លាំង គ្រុនក្តៅ ខាន់លឿង ប្រកាច់ និងបាត់បង់ស្មារតី។ ឥឡូវនេះ ក្រសួងកំពុងដំណើរការការធ្វើតេស្តពេញលេញ ដើម្បីកំណត់ពីមូលហេតុនៃជំងឺ និងបានចេញសារាចរមួយ ដើម្បីបង្កើនការតាមដានជំងឺនៅទូទាំងប្រទេស។

ក្រសួងក៏បានជំរុញឱ្យគ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស រកមើលជំងឺដែលអាចកើតមានចំពោះកុមារ ហើយដាស់តឿនម្ដាយឪពុកគ្រប់រូប ឱ្យមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលសង្ស័យ។ កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសសិង្ហបុរីក៏បានបញ្ជាក់ពីករណីនៃជំងឺរលាកថ្លើមស្រួចស្រាវបែបនេះ ចំពោះទារកអាយុ ១០ខែ ហើយកំពុងស៊ើបអង្កេតថា តើវាស្រដៀងគ្នាទៅនឹងករណីផ្សេងទៀត ដែលត្រូវបានរាយការណ៍នៅទូទាំងពិភពលោកដែរ ឬទេ។ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីថ្ងៃសៅរ៍ថា វាត្រូវបានគេជូនដំណឹងអំពីករណីពាក់ព័ន្ធនឹងទារកកាលពីថ្ងៃសុក្រ ហើយកំពុងស៊ើបអង្កេតបន្ថែមទៀត។
ខណៈពេលដែលមូលហេតុនៃជំងឺនេះមិនទាន់ត្រូវបានកំណត់នៅឡើយ អ្នកស៊ើបអង្កេតកំពុងសិក្សាពីសែស្រឡាយនៃមេរោគដែលហៅថា adenovirus ដែលជាវីរុសបណ្តាលឱ្យមានជំងឺជាច្រើន រួមទាំងជំងឺផ្តាសាយទូទៅផងដែរ។ ការផ្ទុះឡើងនៃជំងឺរលាកថ្លើមស្រួចស្រាវចំពោះកុមារ បានទាមទារឱ្យមានការប្តូរថ្លើមយ៉ាងហោចណាស់ ១៧ ករណី ផ្សេងទៀត នៅទូទាំងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






