អន្តរជាតិ

អាមេរិកសាកល្បងគ្រាប់បែកមួយប្រភេទសម្រាប់ទម្លាក់ពីលើអាកាសកម្ទេចនាវា ដោយទទួលជោគជ័យ គឺដាក់១គ្រាប់ ដាច់នាវាជា២កំណាត់តែម្តង

BY
autoadmin
May 4, 2022

អាមេរិក​បាន​សាកល្បង​គ្រាប់បែក​ប្រភេទ Quicksink ដែលបង្កើតឡើង​ដើម្បី​កម្ទេច​នាវាចម្បាំង​របស់​សត្រូវ​ពីលើ​មេឃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសសហរដ្ឋអាមេរិក (AFRL) និងក្រុមធ្វើតេស្តរួមគ្នា របស់មូលដ្ឋានទ័ពអាកាស Eglin បានបង្ហាញវីដេអូមួយ ពីរបៀបនៃការវាយប្រហារពីលើអាកាស ទៅលើនាវាដឹកទំនិញមួយនៅឈូងសមុទ្រម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យនាវាដឹកទំនិញមួយនោះដាច់ជា ២កំណាត់ និងលិចចូលសមុទ្រភ្លាមៗតែម្ដង។ ការសាកល្បងនេះគឺជាការប្រៀបធៀបពីអ្វីដែលនឹងអាចនឹងកើតឡើង ប្រសិនបើសត្រូវចង់វាយប្រហារតាមផ្លូវទឹកទៅលើសហរដ្ឋអាមេរិក។

គ្រាប់បែកគំរូនោះ ត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង F-15E Strike Eagle និងបានវាយប្រហារចំគោលដៅដោយជោគជ័យ ដោយការកំណត់គោលដៅរុករកនៅពីក្រោមនាវាសត្រូវ (GPS-navigated) ហើយធ្វើឱ្យមានការផ្ទុះចេញពីក្រោមនាវាតែម្ដង។ បច្ចេកវិទ្យាថ្មីនេះ ផ្តល់ឱ្យកងទ័ពអាកាសសហរដ្ឋអាមេរិកនូវសមត្ថភាពសម្លាប់សត្រូវ ដូចជាមីស៊ីលបាញ់ពីក្រោមទឹក Torpedo ដែលជាមីស៊ីលបំពាក់ជាមួយនឹងនាវាមុជទឹកផងដែរ។ ការសាកល្បងនេះ បានប្រើប្រាស់មុខងារ Joint Direct Attack Munition ដែលជាឧបករណ៍ណែនាំគ្រាប់បែកដែលគ្មានការកំណត់ត្រឹមត្រូវ ទៅជាគ្រាប់បែកដែលមានគោលដៅជាក់លាក់ គ្រប់អាកាសធាតុ។

គ្រាប់បែកថ្មីនេះ ត្រូវបានបំពាក់ជាមួយប្រព័ន្ធរុករក GPS ដើម្បីឱ្យវាមានប្រសិទ្ធភាពជាមួយនឹងគោលដៅដែលមានការផ្លាស់ទី ខណៈដែលមីស៊ីល Torpedo អាចបាញ់បានតែពីក្រោមទឹក និងត្រូវការទីតាំងធំទូលាយ ប៉ុន្តែអាចធ្វើឱ្យសត្រូវដឹងពីទីតាំងរបស់នាវាមុជទឹករបស់វា ដែលងាយនឹងធ្វើឱ្យសត្រូវអាចតបតបាន ដោយការបំផ្លាញនាវាមុជទឹកនោះវិញ។ ដូច្នេះគោលបំណងនៃការបង្កើតគ្រាប់បែក Quicksink គឺដើម្បីបំផ្លាញសត្រូវពីលើអាកាស ចំណាយថវិកាតិច មានប្រសិទ្ធភាពខ្ពស់ដូចគ្នា និងមិនចាំបាច់ប្រើទីតាំងធំទូលាយ ដូចការបាញ់ដោយ Torpedo នោះឡើយ។

ជាក់ស្ដែងយន្តហោះ F-15EX មួយគ្រឿង (សម្រាប់បំពាក់គ្រាប់បែក Quicksink) មានតម្លៃ ៨៧.៧ លានដុល្លារ ខណៈដែលនាវាមុជទឹកអាមេរិកមួយគ្រឿង អាចចំណាយរហូតដល់ ២.៨ ពាន់លានដុល្លារឯណោះ ក្នុងមួយឯកតា នេះបើយោងតាម ​​Aero Corner ។ ម៉្យាងទៀតជាធម្មតា នាវាចម្បាំងមិនមានគ្រឿងសឹកនៅពីក្រោមឡើយ ហើយមាននាវាមួយចំនួនតូចប៉ុណ្ណោះ ដែលមានសមត្ថភាពប្រឆាំងការវាយប្រហារពីអាកាស។ ដូច្នេះអាវុធថ្មីនេះ នឹងធ្វើឱ្យសហរដ្ឋអាមេរិក មានជម្រើសបន្ថែមទៀតក្នុងការវាយប្រហារសត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: