រុស្ស៊ីហាមឃាត់ជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រី Kishida Fumio មិនឱ្យចូលប្រទេសខ្លួនឡើយ
- BY
- autoadmin
- May 5, 2022
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានហាមប្រាមពលរដ្ឋជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio មិនឱ្យចូលប្រទេសខ្លួនឡើយ។ ប្រការនេះបានកើតឡើងក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ជប៉ុនប្រឆាំងនឹងក្រុងម៉ូស្គូ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ហើយបុគ្គលដែលត្រូវបានគេកំណត់គោលដៅ ក៏រួមមានរដ្ឋមន្ត្រីការបរទេសលោក Hayashi Yoshimasa, សមាជិករដ្ឋាភិបាល និងសមាជិកសភា, សាស្ត្រាចារ្យសាកលវិទ្យាល័យ និងអ្នកកាសែត។

សេចក្តីថ្លែងការណ៍និយាយថា ទីក្រុងតូក្យូបានចាប់ផ្តើមយុទ្ធនាការប្រឆាំងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក ដោយចាត់វិធានការដើម្បីធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី និងអាជ្ញាធរអន្តរជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តដាក់ការហាមឃាត់ការចូលនេះ បន្ទាប់ពីគិតគូរពីការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី រួមទាំងថ្នាក់ដឹកនាំកំពូលរបស់ផងដែរ។ រុស្សីក៏បានហាមប្រាមការចូលរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក និងអង់គ្លេស រួមទាំងប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រី Boris Johnson ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






