អ្នកបើកតាក់ស៊ីម្នាក់ បានរួចផុតពីគ្រោះថ្នាក់ ក្រោយធ្វើសញ្ញាសុំជំនួយនេះដែលខ្លួនបានឃើញក្នុង Tik Tok
- BY
- autoadmin
- May 9, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកបើកតាក់ស៊ីម្នាក់ប៊ិះនឹងមានគ្រោះថ្នាក់ ដោយសារតែដឹកចំភ្ញៀវជាអ្នកញៀនថ្នាំ ព្រមទាំងមានអាវុធក្នុងដៃទៀតផង តែសំណាងល្អគាត់ត្រូវបានប៉ូលីសជួយទាន់។ តាមប្រភពដដែលបានឱ្យដឹងទៀតថា អ្នកបើកតាក់ស៊ីមានអាយុ ៤៩ឆ្នាំ បានបើកចូលទៅសុំជំនួយពីតម្រួតដោយប្រើសញ្ញាណដៃសុំជំនួយបែបសកល ដែលគាត់បានឃើញពីវិដេអូនៅក្នុង Tik Tok។

បុរសអ្នកបើកតាក់ស៊ីបានរៀបរាប់ហេតុការណ៍ថា៖ «ដំបូងឡើយអ្នកដំណើរបានហៅឡានតាក់សុីគាត់ពីស្ថានីយ៍ Morchit ទៅកាន់ Petchkasem មុននឹងប្តូរទិសដៅទៅកាន់ខេត្ត Rayong ដោយបានធ្វើដំណើរតាមផ្លូវល្បឿនលឿន។ នៅតាមផ្លូវអ៊ុំបើកតាក់សុីសង្កេតឃើញអ្នកដំណើរមានសភាពខុសពីធម្មតា ដូចទៅនឹងកំពុងជក់ថ្នាំ ព្រោះថា មានបំពង់បឺតនិងដបកែវ។ ក្រោយមកទៀតអ្នកដំណើរបានហៅអោយឈប់ចូលបន្ទប់ទឹកថែមទាំងសុំអោយអ្នកបើកតាក់សុីទៅចូលជាមួយបានគ្នា។ បន្ទាប់ពីបានចូលបន្ទប់ទឹករួចឡានក៏ចាប់ចេញដំណើរទៅកាន់គោលដៅ ដោយនៅតាមផ្លូវនោះដែរ អ្នកដំណើរបានដកយកអាវុធ កាំភ្លើង និងខ្នោះដៃមកគំរាមគាត់។
ក្រោយពីអ្នកបើកតាក់សុីប្រទះឃើញកាំភ្លើងបែបនេះក្នុងចិត្តភ័យខ្លាច ព្រោះគិតថាជាកាំភ្លើងពិត ទើបព្រមធ្វើតាមការបញ្ជារបស់អ្នកដំណើរនោះ។ លុះក្រោយមកអ្នកដំណើរបានប្តូរគោលដៅម្តងទៀត ដោយអោយដឹកទៅកាន់ Ban Boeng លឺដូចនេះអ្នកបើកតាក់សុីក៏បានបន្លំធ្វើពុតជាឈឺពោះសុំចូលបន្ទប់ទឹក ទើបបានឱកាសបើក GPS ដើម្បីឆ្ពោះទៅកាន់ប៉ុស្តិ៍សមត្ថកិច្ច។ ពេលដែលទៅដល់អ្នកបើកតាក់សុីក៏បានប្រើសញ្ញាណដៃសុំជំនួយបែបសកល ដែលគាត់បានចាំតាមរយៈឃ្លីបនៅក្នុង TikTok ទើបសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍បានដោយជោគជ័យ។
អ្នកបើកតាក់សុីអរគុណជាពិសេសដល់ លោកវរសេនីយ៍ឯក Thawee Kudthang អធិការនគរបាលប៉ុស្តិ៍ BanBoeng ដែលបានជូនថវិកាចំនួន ៣០០បាត ដើម្បីជាថ្លៃសាំងសម្រាប់ធ្វើដំណើរទៅកាន់គេហដ្ឋានវិញ។ ចំណែកជនល្មើសដែលជាអ្នកដំណើរ មានឈ្មោះថា Bancha វ័យ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំខ្លួនដើម្បីដំណើរការតាមផ្លូវច្បាប់បន្តទៀត៕




អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






