រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានដាក់កម្រិតលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson
- BY
- autoadmin
- May 6, 2022
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានដាក់កម្រិតលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ចំពោះមនុស្សពេញវ័យដែលមិនមានលទ្ធភាព ឬមិនចង់ទទួលវ៉ាក់សាំង mRNA របស់ Pfizer-BioNTech ឬ Moderna។ ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារបានបញ្ចប់ការវិភាគហានិភ័យថ្មី ទាក់ទងនឹងការវិវត្តទៅជាដុំឈាមកកជាមួយនឹងរោគសញ្ញា Thrombocytopenia ឬ TTS ដែលជាការរួមបញ្ចូលគ្នាដ៏កម្រ និងអាចបណ្តាលឱ្យស្លាប់នៃកំណកឈាម និងប្លាកែត រាប់ពី ១ ទៅ ២ សប្តាហ៍ បន្ទាប់ពីទទួលបានវ៉ាក់សាំង។

ដោយមើលឃើញពីភាពធ្ងន់ធ្ងរ និងភាពបន្ទាន់នៃរោគសញ្ញា និងភាពអាចរកបាននៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ផ្សេងទៀត ភ្នាក់ងារ FDA បានសម្រេចចិត្តថា អត្ថប្រយោជន៍នៃការការពារ COVID-19 របស់វ៉ាក់សាំង Johnson & Johnson មានច្រើនជាងហានិភ័យនៃរោគសញ្ញា TTS សម្រាប់តែអ្នកដែលមិនអាច ឬមិនទទួលបានវ៉ាក់សាំងផ្សេងទៀតប៉ុណ្ណោះ។ ជាក់ស្ដែងដូចជា៖ អ្នកដែលមិនអាចប្រើប្រាស់វ៉ាក់សាំង mRNA ក្នុងហេតុផលណាមួយ ឬមិនអាចមានលទ្ធភាពទទួលបានវ៉ាក់សាំង mRNA ជាដើម។ ពោលគឺកន្លងមកវ៉ាក់សាំង Johnson & Johnson ត្រូវបានគេផ្អាកមិនឱ្យប្រើប្រាស់នោះទេ ដោយសារហានិភ័យ TTS ហើយអ្នកជំនាញតែងតែណែនាំឱ្យមានការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA ច្រើនជាង៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






