អន្តរជាតិ

លោក ស៊ី ជីនពីង បានផ្ញើ​ការ​ព្រមានខ្លាំងៗ​ទៅ​អ្នក​​ដែលមានមន្ទិល​លើគោល​នយោបាយ Zero-COVID របស់​ចិន

BY
autoadmin
May 6, 2022

មេដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក ស៊ី ជីនពីង បានចេញការព្រមានខ្លាំងៗ ប្រឆាំងនឹងអ្នកដែលមានមន្ទិលលើគោលនយោបាយ Zero-COVID របស់ប្រទេសចិន ទាក់ទងនឹងការបិទទ្វារដ៏តឹងរ៉ឹង និងជាញឹកញយ ដែលបានធ្វើឱ្យមានការមិនសប្បាយចិត្តជាសាធារណៈ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។ នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយកំពូលរបស់បក្សកុម្មយនិស្តដែលកំពុងកាន់អំណាចបានប្តេជ្ញាថា ពួកគេនឹងប្រកាន់ខ្ជាប់នូវគោលនយោបាយ Zero-COVID ហើយតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងពាក្យសម្ដី និងអំពើណាមួយដែលបំភ្លៃ ភាពមានមន្ទិលសង្ស័យ ឬបដិសេធគោលនយោបាយបង្ការជំងឺរាតត្បាតរបស់ចិន។

នេះជាលើកទីមួយហើយដែលលោក ស៊ី បានថ្លែងសុន្ទរកថា អំពីការប្រយុទ្ធប្រឆាំងរបស់ចិនចំពោះជំងឺ COVID-19 ចាប់តាំងពីកំហឹងជាសាធារណៈ បានផ្ទុះឡើងជុំវិញការបិទទ្វារដ៏អាក្រក់នៅទីក្រុងសៀងហៃ។ គណៈកម្មាធិការនៅក្នុងការប្រជុំ ដែលមានសមាជិកចំនួន ៧រូប បាននិយាយថា៖«យុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងរបស់យើង ត្រូវបានកំណត់ដោយធម្មជាតិ និងជាបេសកកម្មរបស់គណបក្ស គោលនយោបាយរបស់យើងអាចឈរលើការសាកល្បងជាប្រវត្តិសាស្ត្រ វិធានការរបស់យើងមានលក្ខណៈវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព។ យើងបានឈ្នះការប្រយុទ្ធដើម្បីការពារទីក្រុង Wuhan ហើយយើងពិតជានឹងអាចឈ្នះសមរភូមិដើម្បីការពារទីក្រុងសៀងហៃ»។ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានទាមទារឱ្យកម្មាភិបាលមាន «ការយល់ដឹងយ៉ាងជ្រាលជ្រៅ ពេញលេញ និងទូលំទូលាយ» អំពីគោលនយោបាយ ដែលកំណត់ដោយថ្នាក់ដឹកនាំកណ្តាលរបស់គណបក្ស៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: