អន្តរជាតិ

ព្យាយាមគង់បានសម្រេច! អ្នកបើកយន្តហោះម្នាក់ត្រូវបានបញ្ឈប់ពីការងារ មកលក់សាច់ជ្រូកអាំងទឹកប្រហុកតស៊ូរហូតហាងល្បីល្បាញរកចំណូលបានខ្ទង់មុឺនដុល្លារ

BY
autoadmin
May 7, 2022

ថៃ៖ អាជីពជាអ្នកបើកយន្តហោះនរណាៗក៏តែងប៉ងប្រាថ្នាដែរដោយសារតែវាជាអាជីពដ៏គង់វង្សឋិតថេរ។ ប៉ុន្តែនៅពេលដែលមានរោគរាតត្បាត ទើបធ្វើអោយជីវិតការងាររបស់បុរសម្នាក់នេះរងផលប៉ះពាល់មិនតិចជាងនរណាឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sentangsedtee បានផ្សាយកាលពីថ្ងៃទី ២៥ មេសា អំពីភាពជោគជ័យមួយផ្នែកទៀត របស់អ្នកបើកយន្តហោះ លោក Smith Sapbumrungsakul រឺមានឈ្មោះហៅក្រៅថា លោក Pop វ័យ៣០ឆ្នាំ ជាអតីតអ្នកបើកយន្តហោះ ដោយត្រូវបានបញ្ឈប់ពីការងារដោយសារតែជម្ងឺរាតត្បាត(Covid-19)  ទើបធ្វើអោយលោក Pop ត្រូវបានផ្លាស់ប្តូរអាជីពជាម្ចាស់ហាង «សាច់ជ្រូកអាំងទឹកប្រហុក» ដើម្បីចិញ្ចឹមគ្រួសារ។

លោក Pop បានរៀបរាប់ថា៖ «មុននឹងលោកក្លាយជាម្ចាស់ហាងដែលទទួលបានជោគជ័យ លោកធ្លាប់ធ្វើការជាអ្នកបើកយន្តហោះបានរយៈពេលជាង ១១ខែ ដោយការហោះភាគច្រើនគឺហោះក្នុងស្រុក ហើយក៏មានការហោះឆ្លងប្រទេសទ្វីបអាសុីខ្លះដែរ។ ចំណែកចំណូលរបស់លោកដែលបានទទួលពីការងារនេះដែរ គឺអាចចិញ្ចឹមគ្រួសារអោយរស់បានយ៉ាងស្រួល។ ប៉ុន្តែដោយសារតែជម្ងឺរាតត្បាតលោកបែរជាត្រូវបានបញ្ឈប់ពីការងារទៅវិញ។ នៅពេលនោះដែរលោកខូចចិត្តខ្លាំងណាស់ មានអារម្មណ៍ធ្លាក់ដល់ចំនុចសូន្យ គិតអ្វីមិនចេញបានតែសំងំខូចចិត្តរាប់អាទិត្យ ព្រោះលោកតាំងចិត្តចំពោះការងារនេះយ៉ាងខ្លាំងរហូតមក។ ទោះបីជាយ៉ាងនេះក្ដី តែលោកពិតជាសំណាងល្អណាស់ដែលមានឳពុកម្តាយនៅក្បែរជួយលើកទឹកចិត្តរហូត ថែមទាំងពោលថា «មិនអីទេកូនបើស្ថានភាពតម្រូវអោយទៅជាបែបនេះ កូនសាកគិតរកអ្វីផ្សេងធ្វើទៅ»។

ក្រោយពីបានលឺដូចនេះហើយធ្វើអោយលោក Pop ក្រោកឡើងតស៊ូជាថ្មីម្តងទៀត ដោយលោកចាប់ផ្តើមឈរលក់សាច់ជ្រូកអាំងនៅក្នុងបុរីដែលខ្លួន​បានរស់នៅ ប៉ុន្តែលក់មិនសូវបានប៉ុន្មានទេ។ លុះក្រោយពីបានអង្គុយពិភាក្សាជាមួយនឹងអ្នកម្តាយទើបសម្រេចប្តូរមក «លក់សាច់ជ្រូកអាំងទឹកប្រហុក» ដែលជាមុខម្ហូបដែលលោកចូលចិត្តវិញ ដោយលោកព្យាយាមច្នៃប្រឌិតបន្ថែម តាមរយៈរៀនធ្វើតាមរូបមន្តនៅក្នុងយូធូប។ លោកបានព្យាយាមកែច្នៃរសជាតិ រហូតបានរសជាតិដែលលោកត្រូវការ ហើយបានចំណាយពេលរហូតដល់ទៅ ៣សប្តាហ៍ ទើបរកទីតាំងថ្មីសម្រាប់បើកលក់ព្រមទាំងដាក់ឈ្មោះហាងថ្មីថា «បុិយ៉ាង មូប្លារ៉ា» ដែលក្រុមគ្រួសារជួយគ្នាធ្វើ។

ដោយសារតែរសជាតិរបស់ទឹកជ្រលក់ប្រហុកដែលឆ្ងាញ់ ហើយមានច្រើនជម្រើស ក៏ដូចជា សាច់ជ្រូកអាំងដ៏ទន់ ធ្វើអោយលោកអាចលក់បានរហូតដល់ទៅ ២០គីឡូក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរលោកក៏បានលក់នៅតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូន ជាច្រើនក្រុមហ៊ុនផងដែរ។ មិនតែប៉ុណ្ណោះ លោក Pop ថែមទាំងត្រៀមពង្រីកសាខាដោយការលក់ហ្វ្រេនឆាយផងដែរ ព្រោះពេលនេះមានអ្នកចាប់អារម្មណ៍ទាក់ទងទៅកាន់លោក Pop មិនក្រោម ៥អ្នកទេ។ ប៉ុន្តែពេលនេះលោកសុំសិក្សាអំពីរូបមន្តអោយមានលក្ខណៈជាស្តង់ដារជាងនេះបន្តិចសិន ហើយលោកសន្យាថានឹងមិនអោយអតិថិជនរង់ចាំយូរឡើយ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

Share This Post: