ខួប១០ឆ្នាំនៃការវាយប្រហារភេរវកម្ម ២៦/១១ អាមេរិកនឹងផ្តល់រង្វាន់៥លានដុល្លារដល់អ្នកផ្តល់ពត៌មានអំពីក្រុមភេរវករ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យនេះបានជំរុញឱ្យប៉ាគីស្ថានចាត់វិធានការលើអ្នក ដែលជាប់ពាក់ព័ន្ធនឹងវាយប្រហារនៅទីក្រុងបុមបៃកាលពីឆ្នាំ២០០៨ ដោយក្រុងវ៉ាស៊ីនតោននឹងផ្តល់រង្វាន់ទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកដល់បុគ្គលណា ដែលផ្តល់ពត៌មាន និងជួយដល់ការស្វែងរកភេរវជនទាំងនោះ។ ការប្រកាសនេះធ្វើឡើងមុនខួប១០ឆ្នាំ នៃការវាយប្រហារ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៦៦នាក់ និងរងរបួសរាប់រយនាក់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមនិយមមកពីប៉ាគីស្ថានបានបង្កអំពើហិង្សាទូទាំងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌារយៈពេលត្រឹមតែបីថ្ងៃ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តថា៖ «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ជាពិសេសប៉ាគីស្ថានឱ្យលើកកម្ពស់កាតព្វកិច្ចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ពួកគេដើម្បីអនុវត្តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងភេរវករដែលប្រព្រឹត្តអំពើឃោរឃៅនេះរួមមានក្រុម Lashkar-e-Tayyiba និងសម្ព័ន្ធរបស់គេ» «យើងឈរជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះដែលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានបាត់បង់ជិវិតនៅក្នុងអំពើព្រៃផ្សៃនេះ រួមមានទាំងប្រជាពលរដ្ឋអាមេរិក ៦នាក់ផងដែរ»។ វាគឺជារឿងមិនយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះដែលរយះពេល១០ឆ្នាំមកហើយ ដែលភេរវជនទាំងនោះនៅតែមិនទាន់ចាប់ខ្លួនបាន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងផ្តល់រង្វាន់រហូតដល់ ៥លានដុល្លារអាមេរិកសម្រាប់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួនភេរវជន ឬប្រទេសដែលចូលរួមឃុបឃិតក្នុងការវាយប្រហារនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ ndtv