ប្រទេសជប៉ុនកំពុងសម្លឹងទទួលយកភ្ញៀវទេសចរបរទេសឡើងវិញ និងជាដំណាក់កាល នៅក្នុងខែមិថុនាខាងមុខនេះ
- BY
- autoadmin
- May 7, 2022
បើយោងតាមប្រភពរដ្ឋាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសជប៉ុនកំពុងសម្លឹងមើលការទទួលយកភ្ញៀវទេសចរបរទេសមួយចំនួនសារជាថ្មី យ៉ាងលឿនបំផុតនៅក្នុងខែមិថុនាខាងមុខនេះ ដែលមានន័យថា ប្រទេសនេះនឹងដកចេញរាល់ការរឹតត្បឹតផ្សេងៗ ទាក់ទងនឹងជំងឺរាតត្បាត COVID-19 ។ ប្រភពបានបន្ថែមថា រដ្ឋាភិបាលអាចទទួលយកចំនួនកំណត់នៃដំណើរទេសចរណ៍ជាក្រុម នៅលើមូលដ្ឋានសាកល្បងនៅចុងខែឧសភា ដើម្បីមើលផលប៉ះពាល់លើស្ថានភាព COVID-19 មុនពេលរដ្ឋាភិបាលនឹងសម្រេចថា នឹងបន្ធូរបន្ថយឱ្យកាន់តែទូលំទូលាយ។

នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងពិនិត្យឡើងវិញនូវវិធានការ COVID-19 របស់ខ្លួន «ជាដំណាក់កាល» បន្ទាប់ពីបានពិគ្រោះជាមួយអ្នកជំនាញសុខភាពសាធារណៈ ហើយនឹងធ្វើវាឱ្យស្របគ្នាទៅនឹងក្រុមប្រទេស G7 ផ្សេងទៀត។ រដ្ឋាភិបាលបច្ចុប្បន្ន បានអនុញ្ញាតឱ្យមនុស្សរហូតដល់ ១០,០០០ នាក់ក្នុងមួយថ្ងៃ ចូលប្រទេសជប៉ុន ប៉ុន្តែភ្ញៀវត្រូវបានកំណត់ចំពោះពាណិជ្ជករ អ្នកហាត់ការបច្ចេកទេស និងនិស្សិតជាដើម។
ខ្លួនមានគម្រោងនឹងបង្កើនចំនួនភ្ញៀវទេសចរបរទេស ជាដំណាក់កាលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ យោងតាមប្រភពបានឱ្យដឹងថា ក្នុងដំណាក់កាលសាកល្បង ក្រុមជនបរទេសតូចៗនឹងទៅទស្សនាកន្លែងកម្សាន្ត ដោយផ្អែកលើផ្លូវធ្វើដំណើរថេរ ដើម្បីឱ្យរដ្ឋាភិបាលពិនិត្យមើលថា តើខ្លួនអាចកំណត់ចលនារបស់ពួកគេ និងរបៀបឆ្លើយតបនានា ប្រសិនបើករណីជំងឺ COVID-19 ត្រូវបានរកឃើញ។ រដ្ឋាភិបាលក៏នឹងពិចារណាផងដែរ ក្នុងការតម្រូវឱ្យអ្នកចូលរួមបានចាក់វ៉ាក់សាំងការពារ មុនពេលដំណើរកម្សាន្ត៕

អត្ថបទ៖ លីដា
ប្រភព៖ Forbes
- Share This Post:






