អន្តរជាតិ

ទៀតហើយ! ប្រទេសកូរ៉េខាងជើង​បានបាញ់​សាកល្បងមី​ស៊ី​ល ដែលទំនងជាមីស៊ីល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​

BY
autoadmin
May 7, 2022

មន្ត្រីក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដែលត្រូវបានគេគិតថា ជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ឬ SLBM នៅរសៀលថ្ងៃសៅរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW ។ ពួកគេជឿថា មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅក្នុងសមុទ្រជប៉ុន ហើយគ្មាន​ការ​ខូច​ខាត​ត្រូវ​បាន​គេ​រាយការណ៍​នោះឡើយ។ វា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​តុលា​មក ​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល SLBM។

អ្នកជំនាញនិយាយថា ប្រទេសកូរ៉េខាងជើងចង់បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពន្លឿនកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន មុនពេលថ្ងៃឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី របស់លោក Yoon Suk-yeol ។ លោក Yoon គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ហើយសង្ឃឹមថា លោកនឹងអាចពង្រឹងសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិកថែមទៀត។ លោក​ក៏គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០២២ ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: