នាយករដ្ឋមន្ត្រី Kishida ៖ ជប៉ុននឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីជាគោលការណ៍
- BY
- autoadmin
- May 9, 2022
នាយករដ្ឋមន្ត្រីលោក Fumio Kishida បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធឺណិតរបស់មេដឹកនាំ G7 កាលពីថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ប្រទេសជប៉ុននឹងហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ី «ជាគោលការណ៍» ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមទាំងប្រាំពីរ (G7) ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ប្រទេស G7 បានប្តេជ្ញាហាមឃាត់ ឬបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការប៉ុនប៉ងចុងក្រោយបំផុតរបស់បស្ចិមប្រទេស ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពោះការលុកលុយអ៊ុយក្រែន និងផលវិបាកដ៏សាហាវដែលបានកើតឡើង។

លោក Kishida បាននិយាយថា៖«សម្រាប់ប្រទេសមួយដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ។ ប៉ុន្តែការសម្របសម្រួល G7 គឺមានសារៈសំខាន់បំផុតនៅពេលឥឡូវនេះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល។ សម្រាប់ប្រទេសជប៉ុន វិបត្តិអ៊ុយក្រែនបានធ្វើឱ្យការពឹងផ្អែកថាមពលរបស់ខ្លួនលើរុស្ស៊ី មានការចុះថយយ៉ាងខ្លាំង សូម្បីតែលោក Kishida ក៏បានចេញមុខរិះគន់រុស្ស៊ីដោយបើកជំហ។ ប្រទេសជប៉ុនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងស្របជាមួយ G7 ក្នុងការបង្កើតទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ oligarchs ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ទីក្រុងតូក្យូមិនទាន់មានការហាមឃាត់ទាំងស្រុងលើប្រេង និងឧស្ម័នរបស់រុស្ស៊ីនៅឡើយទេ ដោយហេតុផងថា ប្រទេសដែលខ្វះធនធានដូចជាជប៉ុន គឺពឹងផ្អែកលើការនាំចូលដើម្បីរក្សាភ្លើង ជាពិសេសចាប់តាំងពីវាបានបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរភាគច្រើន បន្ទាប់ពីវិបត្តិនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






