ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសបានរាយការណ៍ពីករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ដែលកើតមានលើអ្នកដំណើរម្នាក់មកពីប្រទេសនីហ្សេរីយ៉ា

    BY autoadmin May 9, 2022
    អង់គ្លេសបានរាយការណ៍ពីករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ដែលកើតមានលើអ្នកដំណើរម្នាក់មកពីប្រទេសនីហ្សេរីយ៉ា

    ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ករណីដ៏កម្រនៃជំងឺអុតស្វាយ Monkeypox ត្រូវបានគេរកឃើញនៅលើអ្នកជំងឺម្នាក់នៅក្នុងប្រទេសអង់គ្លេស។ ទីភ្នាក់ងារនេះបាននិយាយថា ជំងឺអុតស្វាយ Monkeypox គឺជាការឆ្លងមេរោគដ៏កម្រមួយ ដែលមិនងាយចម្លងមកមនុស្សនោះទេ ប៉ុន្តែជំងឺនេះអាចចម្លងពីមនុស្សទៅមនុស្សបាន គ្រាន់តែវាមានហានិភ័យទាបក្នុងការឆ្លងនៅក្នុងចំណោមមនុស្សទូទៅ។ UKHSA បាននិយាយថា អ្នកជំងឺបានឆ្លងមេរោគនេះនៅក្នុងប្រទេសនីហ្សេរីយ៉ា មុនពេលគាត់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ គាត់កំពុងព្យាបាលនៅអង្គភាពជំនាញជំងឺឆ្លង និងឯកោ Guy’s and St Thomas’ NHS Foundation Trust។

    បើតាមប្រភព UKHSA បានឱ្យដឹងថា រោគសញ្ញាដំបូងរួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ។ ទីភ្នាក់ងារក៏នឹងទាក់ទងទៅអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺ ដើម្បីផ្តល់ព័ត៌មាន និងដំបូន្មានសុខភាព ដើម្បីជាវិធានការប្រុងប្រយ័ត្ន។ គួរឱ្យដឹងផងដែរថា ជំងឺ Monkeypox គឺជាជំងឺអុតស្វាយម្យ៉ាង ដែលត្រូវបានបាត់ទៅវិញតាំងពីក្នុងឆ្នាំ១៩៧៩ ឯណោះ ប៉ុន្តែបានផ្ទុះឡើងនៅក្នុងឆ្នាំ២០០៣ នៅសហរដ្ឋអាមេរិក ហើយក៏មានការផ្ទុះឡើងតិចតួចនៅចក្រភពអង់គ្លេសក្នុងឆ្នាំ២០១៨ ផងដែរ។ ឆ្នាំមុន CDC អាមេរិក ក៏បានស៊ើបអង្កេតករណីជំងឺនេះ ពីក្នុងអ្នកដំណើរម្នាក់ទៅកាន់ទីក្រុង Dallas ផងដែរ

    យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ភាពខុសគ្នាសំខាន់ៗរវាងរោគសញ្ញានៃជំងឺអុតស្វាយ Smallpox និងជំងឺអុតស្វាយ Monkeypox គឺថា Monkeypox ធ្វើឱ្យឡើងកូនកណ្តុរ ខណៈដែលជំងឺអុតស្វាយមិនមានទេ។ សត្វកកេរ និងសត្វស្វាអាចផ្ទុកជំងឺនេះ ហើយអាចចម្លងវាទៅមនុស្សបាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: