កូនប្រុសរបស់មេដឹកនាំផ្ដាច់ការហ្វីលីពីន គឺលោក Ferdinand Marcos Jr បានឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ferdinand Marcos Jr ដែលមាននាមហៅក្រៅថា «Bongbong» និងមានឪពុកជាមេដឹកនាំហ្វីលីពីនផ្តាច់ការ លួចប្លន់ និងធ្វើបាបពលរដ្ឋអស់ជាច្រើនទសវត្សរ៍មកហើយនោះ ពេលនេះបានទទួលជ័យជម្នះ និងឈ្នះបានសំឡេងភាគច្រើន (២៧.៥ លានសំឡេង) នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ ដែលនាំឱ្យត្រកូល Marcos អាចត្រឡប់មកដឹកនាំប្រទេសនេះឡើងវិញ។

ក្នុងរយៈពេល ៣៦ឆ្នាំ ចាប់តាំងពីការបះបោរដ៏ធំមួយមួយប្រឆាំងនឹងឪពុករបស់គាត់គឺលោក Ferdinand Marcos និងបានធ្វើឱ្យក្រុមគ្រួសារ Marcos ត្រូវនិរទេសទៅសហរដ្ឋអាមេរិកមក គ្រួសារមួយនេះបាននិងកំពុងកសាងស្នាដៃនយោបាយរបស់ពួកគេឡើងវិញ ហើយឥឡូវនេះ លោក Marcos Jr ក៏បានទទួលជោគជ័យពិតមែន បើទោះបីជាឪពុករបស់គាត់មានការព្រួយបារម្ភពីភាពខ្ជិល និងមិនខ្វល់ខ្វាយរបស់គាត់ក៏ដោយ។ នៅក្នុងយុទ្ធនាការរបស់គាត់ លោកបានប្តេជ្ញាថានឹងបង្រួបបង្រួមប្រទេសហ្វីលីពីន ជំរុញការងារ និងដោះស្រាយការកើនឡើងតម្លៃ ដែលជាផ្នែកនៃផ្លូវចេញពីវិបត្តិជំងឺរាតត្បាត៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ